ភ្នំពេញ៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ៧មករា មានបញ្ហាប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអោយក្រុមការងាររាជរដ្ឋាភិបាលនៅគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយជួយឧបត្ថម្ភគាត់តាមលទ្ធភាពរៀងៗខ្លួន។
លោកថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រចំនួន២០៥គ្រួសារ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក្នុងកាលៈទេសៈដែលប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈម និងប្រយុទ្ធប្រឆាំជាមួយជំងឺកូវីដ-១៩ ក៏កាចសាហាវ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងវិទ្យាល័យបាក់ទូក និងមានការចូលរួមដោយលោក លីម សុភាអភិបាលខណ្ឌ៧មករា និងមន្រ្តីថ្នាក់ខណ្ឌជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសចុះចែកអំណោយជូនប្រជាពលរដ្ឋនេះឯកឧត្ដម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ឡើយ បើទោះបីបច្ចុប្បន្ននេះប្រទេសកម្ពុជារបស់យើង មានភាពល្អប្រសើរក្ដី គឺយើត្រូវធ្វើអនាម័យខ្លួនប្រាណអោយញឹកញាប់ ត្រូវលាងសំអាតដៃជាប្រចាំ ជាមួយសាប៊ូ អាកុល ចេញក្រៅត្រូវពាក់ម៉ាស់ រក្សាគំលាត ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយអាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តយុទ្ធនាការ ផ្សព្វផ្សាយអប់រំ ពីការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ-១៩ ជូនប្រជាពលរដ្ឋជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ។
លោកបានណែនាំដល់អាជ្ញាធរសង្កាត់ និងប៉ុស្តិ៍នគរបាល ត្រូវរក្សាសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ លុបបំបាត់អោយបាននូវ ចោរលួច ចោរឆក់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ដោយអនុវត្តតាមគោលនយោបាយ ទាំង៩ចំណុចរបស់ ភូមិ ឃុំ មានសុវត្តិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍។
នាឱកាសនេះដែរ លោកលីម សោភា អភិបាលខណ្ឌ៧មករា បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសដ៏ឆ្នើម សម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចាត់ទុក ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទិកលំបាករបស់រាជរដ្ឋាភិបាល និងរបស់សម្តេចផ្ទាល់។ ផ្តើមចេញពីទស្សនៈខាងលើនេះសម្តេចតែងតែបានអប់រំមន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានសុំឲ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនត្រូវបណ្តោយឲ្យពលរដ្ឋណាម្នាក់អត់ឃ្លានរហូតដល់ស្លាប់ ដោយអាជ្ញាធរមូលដ្ឋានមិនបានដឹង និងមិនបានដោះស្រាយ។
អំណោយដែលប្រជាពលរដ្ឋទាំង២០៥គ្រួសារ ទទួលបាន ក្នុង១គ្រួសារទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា២ម៉ឺនរៀល៕ជ្រោយពេជ្រ