ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាជាថ្មីម្ដងទៀតទៅអាជ្ញាធរខណ្ឌ ដោយផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសម្រាប់រថយន្ដដឹកដី ដឹកខ្សាច់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ក្រោយពីរថយន្ដទាំងនេះបានបង្កគ្រោះថ្នាក់ញឹកញាប់ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ក្នុងកិច្ចប្រជុំបន្ទាន់ នៅរសៀលថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធរមិន ហាមឃាត់ការចាក់ដី ចាក់ខ្សាច់ នៅតំបន់អភិវឌ្ឍន៍ជើងឯកនោះទេ ប៉ុន្ដែគ្រាន់តែបង្វែរទិសចរាចរណ៍សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់កុំឲ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវ៦០ម៉ែត្រជាបណ្ដោះអាសន្នសិន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ចេញវិធានការនេះ គឺដោយសារតែកន្លងមកយើងសង្កេតឃើញថា ការដឹកដី ដឹកខ្សាច់ កាត់ផ្លូវនេះបានបង្កឲ្យប្រឡាក់នៅលើទ្រូងផ្លូវ កកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យខូចផ្លូវផងដែរ ដូច្នេះ អាជ្ញាធរត្រូវតែមានវិធានការដើម្បីរក្សាផ្លូវនេះឲ្យនៅតែល្អស្អាតជានិច្ច ខណៈដែលកំណាត់ផ្លូវនេះកន្លងមកត្រូវបានសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវនេះជាផ្លូវដែលអាចឲ្យយន្តហោះចុះចតបាន។
ពាក់ព័ន្ធនឹងវិធានការខាងលើនេះ លោក ឃួង ស្រេង បានឲ្យដឹងទៀតថា មុននឹងមានវិធានការបិទការធ្វើចរាចរណ៍សម្រាប់រថយន្តដឹកដី ដឹកខ្សាច់ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រនេះ អាជ្ញាធរត្រូវកោះប្រជុំជាមួយម្ចាស់អាជីវកម្មទាំងអស់ ដើម្បីណែនាំឲ្យពួកគាត់បានដឹង និងត្រៀមបង្វែរពីការចាក់ដីទៅជាការជីកដាក់បំពង់ទុយយោ ដើម្បីបូមខ្សាច់ដាក់ចូលតំបន់ខាងលើនេះវិញ ដោយនឹងទុករយៈពេលឲ្យពួកគាត់ពី១ខែទៅ២ខែ ដើម្បីជីកដាក់បំពង់ទុយយោនេះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ រថយន្តដឹកដី ដឹកខ្សាច់នេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្រជាពលរដ្ឋ ៥នាក់ របួសធ្ងន់៧នាក់ និងស្រាល២នាក់៕
ដោយ៖សំរិត