ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកជាថ្មី​ ​បាញ់មីស៊ីល​កម្ទេចគោលដៅក្នុងសមុទ្រ

ចែករំលែក៖

អុីរ៉ង់បន្តធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកបាញ់គ្រាប់ពិត​នៅលើដែនសមុទ្រ ក្រោយពីការផ្អាកដោយសារតែ​សមយុទ្ធកន្លងមក បាញ់ខុសគោលដៅ បណ្តាលឲ្យទាហានស្លាប់និងរបួសជាង ២០នាក់ កាលពីខែមុន។ ប៉ុន្តេនៅក្នុងសមយុទ្ធលើកនេះអុីរ៉ង់បានវាយប្រហារចំគោលដៅយ៉ាងល្អ ក្នុងចម្ងាយជាង ២០០គីឡូម៉ែត្រ។
សារព័ត៌មាន​ RT ​បានផ្សាយថា កម្លាំងទាហានអុីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធជាថ្មី ដែលមានឈ្មោះថា«Ramadan Martyrs»ដែលបានធ្វើនៅភាគខាងជើងមហាសមុទ្រឥណ្ឌានិងសមុទ្រអូម៉ង់​។
នៅក្នុងឃ្លីបវីដេអូ​បង្ហាញឲ្យឃើញថា កម្លាំងទាហានអុីរ៉ង់ បានបាញ់ចំគោលដៅដែលបានកំណត់ទុកនៅលើដែនសមុទ្រ​ ដេលមានចម្ងាយដល់ទៅ​២៨០គីឡូម៉ែត្រ​​។ មន្ត្រីយោធាអុីរ៉ង់ បានបញ្ជាក់ថា នេះជាជោគជ័យយ៉ាងធំធេង​របស់កម្លាំងទាហានអុីរ៉ង់​ ដែលបានបាញ់សាកល្បងមីស៊ីលជំនាន់ថ្មី ដោយជោគជ័យ។
មេបញ្ជាការកងទ័ពអុីរ៉ង់ លោក​Habibollah Sayyari បានបញ្ជាក់ថា ការសាកល្បងដោយជោគជ័យខាងលើគឺជាជំហានវិជ្ជមានរបស់កម្លាំងទាហានអុីរ៉ង់​ដែលអាចការពាររាល់ការប៉ុនប៉ងឈ្លានពានពីសត្រូវ។
ប៉ុន្មានឆ្នាំចុងក្រោយនេះអុីរ៉ង់បានខិតខំអភិវឌ្ឍមីស៊ីលទំនើបៗជាច្រើន រួមទាំងមីស៊ីលឆ្លងទ្វីប មីស៊ីលការពារដែនអាកាស ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន ៕ដោយ៖ធីរីណា


ចែករំលែក៖