ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ទំនើង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​មិនអស់ចិត្ត​យកខ្សែក្រវាត់​ វាយសមត្ថកិច្ចពេលចុះបង្ក្រាប

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ ក្មេងស្ទាវឈាមរាវពីរនាក់​ ដែលមានចរិតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​ សាធារណៈ​ ពិសេសយកដុំវត្ថុរឹងគប់ទៅ​ លេីកញ្ចក់រថយន្តអ្នកដំណេីរ​ និងប្រេីខ្សែ​ក្រវាត់វាយលេីសមត្ថ​កិច្ចពេលចុះបំពេញ​ ភារកិច្ច​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ ត្រូវបានចាប់ឃាត់​ខ្លួន​បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី។ជ​នទាំងពីរនាក់នេះ​ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួននៅ​ចំណុចតាមផ្លូវខាងលិច​រង្វង់មូលស្រឡប់ ស្ថិតក្នុងភូមិស្រឡប់ ឃុំស្រឡប់ នៅវេលាម៉ោង​២១៖០០នាទីយប់ ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ​២០២០​ក្រោយពីធ្វេីសកម្មភាពវាយ​បំផ្លាញទ្រព្យ​សម្បត្តិ​សាធារណៈ​នៅចំណុចតាមផ្លូវភ្លោះ ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំកាលពីវេលា​ម៉ោង១៩និង៣០នាទី ហេីយ​រត់គេចខ្លួន​ ។សមត្ថកិច្ច​ឱ្យដឹងថា​ ការចាប់ឃាត់ខ្លួនក្មេងទំនើងតាមការ​បញ្ជាដឹកនាំពីលោក​ឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរ​បាលខេត្តនេះ កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ចុះទៅ​ស្រាវជ្រាវនិងបង្ក្រាបក្មេងទំនើងគប់កញ្ចក់រថយន្តគេនៅចំណុចតាមផ្លូវភ្លោះស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំកាលពីវេលា​ម៉ោង១៩៖៣០នាទី។ ភ្លាមៗនោះកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងល្បាតតាមរកមុខសញ្ញាល្មើស ។ លុះមកដល់ចំណុចតាមផ្លូវខាងលិចរង្វង់មូលស្រឡប់ ស្ថិតក្នុងភូមិ ស្រឡប់ ឃុំស្រឡប់ នៅវេលាម៉ោង២១៖០០នាទី ស្រាប់តែជួបនឹងក្មេងទំនើងចំនួន២នាក់ កំពុងឈរកាន់ខ្សែក្រវាត់ឈរស្ទាក់ផ្លូវប៉ុនប៉ងវាយលើសមត្ថកិច្ចយើង តែភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងនោះ​បានតែម្តង។ក្មេងទំនើងទាំងពីរនាក់ដែល​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​មាន១.ឈ្មោះ ណាន និត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិល្ងើន ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង​ និង២.ឈ្មោះ បូ ចាន់តូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្នៅក្រៅ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទាំងពីរនាក់​នេះស្នាក់នៅធ្វើការជាជាងទឹកភ្លើងនៅផ្ទះល្វែងក្បែរកន្លែងកើតហេតុនោះ។សមត្ថកិច្ច​ដកហូតបានខ្សែក្រវាត់ចំនួន ២ និងម៉ូតូ១គ្រឿងម៉ាកZOOMER-X ហើយ ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី​ ៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖