ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម​ Man United និងអ្នកមានបុណ្យ Barcelona បានត្រឹមស្មើក្រៅទឹកដីរបស់ខ្លួន

ចែករំលែក៖

អង់គ្លេស+អេស្ប៉ាញ៖ ក្រុមខ្លាំងបិសាចក្រហម Manchester United និងក្រុមអ្នកមានបុណ្យ Barcelona បានត្រឹមស្មើជាមួយគូប្រកួតនៅក្រៅទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃសុក្រ ទី១៩ មិថុនាម្សិលមិញ។ ក្រុមទាំង២ទទួលបានម្នាក់១ពិន្ទុ ដោយក្រុម Man United ប្រកួតស្មើ ១-១ ជាមួយក្រុម Tottenham Hotspur ។ ចំណែកក្រុម Barcelona ប្រកួតស្មើ ០-០ ជាមួយក្រុមម្ចាស់ផ្ទះ Sevilla

ក្រុមបិសាចក្រហមបានដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ TottenhamHotspur ដោយគ្រប់គ្រងបាល់បាន៦៣ភាគរយ ប៉ុន្តែនៅនាទីទី២៧ អ្នកចាំទី David de Geaធ្វេសប្រហែស ធ្វើឲ្យក្រុមម្ចាស់ផ្ទះរកគ្រាប់បាល់នាំមុខមុនដោយកីឡាករSteven Bergwijn ។ រហូតដល់នាទីទី៨១ កីឡាករក្រុម TottenhamHotspur ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលឆែកក្នុង VAR ក៏សម្រេចចិត្តផ្តល់បាល់ពិន័យ១១ម៉ែត្រទៅក្រុម Man United ដែលជាការស៊ុតដោយកីឡាករ Bruno Fernandes ធ្វើឲ្យចប់ការប្រកួត ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា ១ទល់១។

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមបន្តឈរចំណាត់ថ្នាក់លេខ៥ដដែលមាន៤៦ពិន្ទុ ខណៈក្រុមមាន់ខ្នាយមាស Tottenham Hotspur បន្តឈរចំណាត់ថ្នាក់លេខ៨មាន៤២ពិន្ទុ សម្រាប់ការប្រកួតសប្តាហ៍ទី៣០ នៅលីគកំពូលអង់គ្លេស។ ក្រុមបិសាចក្រហមនឹងត្រូវប៉ះក្រុមភ្ញៀវ Sheffield United នៅថ្ងៃទី២៦ ខែមិថុនាបន្តទៀត ស្របពេលដែលក្រុម Tottenham Hotspur ក៏ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ West Ham United នៅថ្ងៃទី២៤ ខែមិថុនាដែរ សម្រាប់ការប្រកួតសប្តាហ៍ទី៣១ ។

ចំណែកឯការប្រកួតនៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga វិញ ក្រុមភ្ញៀវ Barcelona បានប្រកួតស្មើ ០-០ ជាមួយក្រុមម្ចាស់ផ្ទះ Sevilla ដោយក្រុមទាំង២ទទួលបាន១ពិន្ទុស្មើគ្នា។ ក្រុម Barcelona បន្តឈរកំពូលតារាងដដែល ក៏ដូចជាក្រុម Sevillaក៏បន្តឈរចំណាត់ថ្នាក់លេខ៣ដដែល។

លទ្ធផលនេះប្រសិនបើក្រុម Real Madrid ដែលនឹងត្រូវប្រកួតនៅថ្ងៃស្អែកឈ្នះគូប្រកួតនោះក្រុមទាំងពីរ នឹងមានពិន្ទុស្មើគ្នាគឺ៦៣ពិន្ទុដូចគ្នា ប៉ុន្តែទាល់តែ Real Madrid ឈ្នះគូប្រកួតយ៉ាងតិច៤គ្រាប់ទើបអាចឈរកំពូលតារាងបាន ។

សម្រាប់ក្រុមBarcelona នឹងត្រូវប៉ះជាមួយក្រុមភ្ញៀវ Bilbao នៅថ្ងៃទី២៤ ខែមិថុនា ខណៈក្រុម Sevilla នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Vilarreal នៅថ្ងៃទី២៣ ខែមិថុនា ដែរសម្រាប់ការប្រកួតសប្តាហ៍ទី៣១ នៅលីគកំពូលអេស្ប៉ាញ ៕ដោយ៖ភារៈ


ចែករំលែក៖