ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបររើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោ ដែលបានប្រឹងប្រែងរស់នៅដោយការរើសអេត ចាយនៅទីលានចាក់សំរាមដើម្បីចិញ្ចឹមជីវិត ដោយមិនបានប្រព្រឹត្តបទល្មើសដែលខុសនឹងច្បាប់ បើទោះបីជាបងប្អូនមានការពិបាកក្នុងជីវភាពគ្រួសារយ៉ាងណាក្តី ។
លោកឃួង ស្រេង បន្តថា បងប្អូនអ្នករើសអេតចាយនៅទីលានចាក់សំរាមបានប្រកបការរកស៊ីដោយសុចរិតទៀងត្រង់ មិនប្រព្រឹត្តនូវបទល្មើសលួច ឆក់ ប្លន់ដែលជាបទល្មើសមួយខុសច្បាប់ឡើយ។ នេះពិតជាបានបង្ហាញឱ្យឃើញថា បងប្អូនជាប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គមដ៏ត្រឹមត្រូវមួយ។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ស្ថិរភាពនៅក្នុងសង្គម គឺផ្ដើមឡើងពីប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួម បើប្រជាពលរដ្ឋមិនបានចូលរួមក្នុងការរក្សាស្ថិរភាពសង្គមទេ សង្គមរបស់យើងក៏មិនមានស្ថិរភាពល្អបានដែរ។
លោកឃួង ស្រេងក៏បានណែនាំដល់ប្រជាពលរដ្ឋដែលប្រកបមុខរបររើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោទាំងអស់ ក្រោយបញ្ចប់ជំងឺកូវីដ-១៩ បងប្អូនត្រូវជំរុញកូនចៅឲ្យទៅសិក្សារៀនសូត្រនៅតាមសាលានានា ដោយហេតុថាកូនចៅរបស់បងប្អូននេះហើយជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិរបស់យើង។ ដូច្នេះត្រូវតែជំរុញការបណ្ដុះបណ្ដាលពួកគាត់ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់។
ការសម្តែងការកោតសរសើរនិងជំរុញខាងលើនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈដែលលោកនិងលោកស្រី ជា ស៊ីណា ឃួងស្រេងអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នករើសសំរាម ( អេតចាយ) ចំនួន៣៩៤គ្រួសារ ក្នុងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេសតូច, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, ត្រីខកំប៉ុង១យួរ, ម៉ាស់១ដុំ, ទឹកដោះគោកញ្ចប់១៨កញ្ចប់ និងថវិកាចំនួន៣០.០០០រៀល ដើម្បីរួមចំណែក និងកាត់បន្ថយការចំណាយក្នុងជីវភាពគ្រួសារបានមួយចំណែក៕ដោយ៖ សំរិត