ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម រំពឹងថា ការនាំទំនិញទៅកាន់ទីផ្សារប្រទេសចិន នឹងកើនឡើងប្រមាណជាង២០ភាគរយ

ចែករំលែក៖

ខេត្តកែប ៖ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរ ពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោយពីក្រុមការងារបច្ចេកទេសទើបបញ្ចប់ដោយជោគជ័យលើកិច្ចចរចា ពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ ហើយកម្ពុជារំពឹងថា នឹងមានកំណើន នៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិនប្រមាណជាង២០ភាគរយ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើកិច្ចចរចានេះរួចមក ក្រុមការងារ នឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង សំណើបើកច្រកទីផ្សារ និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅ ចុងឆ្នាំ២០២០នេះ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងសម្រាប់ កម្ពុជា។

លោក រដ្ឋមន្ត្រីបានអះអាងថា ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ និងបន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ២០ភាគរយ។

សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ ការផ្ដួចផ្ដើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្ដមប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឲ្យបាន។

លោករដ្ឋមន្ត្រី បានជំរុញឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្មឲ្យបានល្អ។ ត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម ឲ្យកាន់តែសកម្មថែមទៀត ហើយត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តិថ្មីៗនានា ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម តួយ៉ាងដូចជាការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលច្បាប់នេះទើបតែដាក់ឲ្យប្រើប្រាស់ថ្មីៗជាដើម។

លោករដ្ឋមន្ត្រី បានបន្តទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត ត្រូវសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារ វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល អំពីការកាត់មន្ត្រីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទាំងអស់ និងត្រូវចុះពង្រឹងការអនុវត្តបទប្បញ្ញត្តិនានា ទាក់ទងនឹងការលើកស្លាកយីហោភោជនីយដ្ឋាន ស្ថានីយប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកម្សាន្ត និងទីតាំងផ្សេងៗទៀត ដែលមានលក្ខណៈចុះមកធ្វើទេ ត្រូវចេះម្ចាស់ការដោយខ្លួនឯង ពិសេសបំផុតនោះ ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃដែលចេញដោយក្រសួង៕ដោយ៖សូរិយា


ចែករំលែក៖