ព័ត៌មានទាន់ហេតុការណ៍៖

លោក វេង សាខុន ជាមួយប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចុះបំពេញបេសកកម្មនៅខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា រួមជាមួយលោក អ៊ុង សំអាត រដ្ឋលេខាធិការ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការីមួយចំនួនទៀតបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង។ បេសកកម្មនេះ មានគោលបំណងទី១- ធ្វើការពិនិត្យ និងវាយតម្លៃជារួមលើការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យជលផល (វារីវប្បកម្ម និងការនេសាទសមុទ្រ) ដើម្បីឆ្លើយតបឱ្យបានត្រឹមត្រូវ និងច្បាស់លាស់តាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុបក្នុងន័យធ្វើឱ្យប្រសើរឡើងនូវការនេសាទសមុទ្រ ការការពារ និងអភិរក្ស និងការទប់ស្កាត់ការនេសាទខុសច្បាប់ ស្របតាមកម្មវិធីអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព និងបរិយាប័ន÷ សមាសភាគការនេសាទ (CAPFISH – Capture) ដែលគម្រោងនេះស្ថិតក្រោមជំនួយឧបត្ថម្ភហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប។
ទី២- ពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន SEZ ។ សម្រាប់កម្មវិធីព្រឹកនេះមានដូចខាងក្រោម៖
កម្មវិធីទី១-
លោករដ្ឋមន្ត្រី និងលោក លី យ៉ុងផាត់ បានអញ្ជើញចុះពិនិត្យសកម្មភាពរៀបចំឧបករណ៍នេសាទ ការជញ្ជូនផលនេសាទឡើងគោក ការរៀបចំទុកដាក់បង្កកផលនេសាទ នៅកំពង់ផែ លី យ៉ុងផាត់ ប៉ាក់ខ្លង ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ពិនិត្យឃើញជាក់ស្តែង លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏មមាញឹករបស់កំពង់ផែរ និងជាពិសេសបងប្អូនប្រជានេសាទដែលសកម្មភាពទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់អំពីទី១- កម្មករទាំងស្រី និងប្រុសមានការងារធ្វើ មានចំណូលសម្រាប់ចិញ្ចឹមគ្រួសារ មិនធ្វើចំណាកស្រុក ទី២- ការអនុវត្តលក្ខខណ្ឌតម្រូវអនាម័យបានត្រឹមត្រូវ (មានទូបង្កកផលិតផលត្រី) វេចខ្ចប់ និងទុកដាក់បានត្រឹមត្រូវ និងទី៣- ជាកន្លែងប្រមូលផ្តុំផលនេសាទសមុទ្រ ងាយស្រួលសម្រាប់មន្រ្តីសមត្ថកិច្ចជលផលធ្វើការគ្រប់គ្រង ពិនិត្យ និងវាយតម្លៃលើផលនេសាទ និងធ្វើការផ្សព្វផ្សាយផ្សេងៗ។ ពិតណាស់ កត្តាសំខាន់ៗទាំងអស់នេះ បានឆ្លើយតបបានត្រឹមត្រូវទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យជលផលប្រកប ដោយចីរភាព និរន្តរភាព បរិយាប័ន និងធន់នឹងការប្រែប្រួលអាកាសធាតុ។

តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា គម្រោងកម្មវិធីសម្រាប់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន និងធន់ការប្រែប្រួលអាកាសធាតុ÷ សមាស ភាពការនេសាទ(CAPFISH-Capture) ដែលគម្រោងនេះស្ថិតក្រោមជំនួយឧបត្ថម្ភហិរញ្ញប្ប ទានឥតសំណងពីសហភាពអឺរ៉ុបនេះមានទឹកប្រាក់ចំនួន ៨៧លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងរយ:ពេល ៦០ខែ (២០១៩- ២០២៣) ដោយសហការអនុវត្តគម្រោងជាមួយអង្គការ FAO UNESCO និង UNIDO ហើយរដ្ឋបាលជលផលជាស្ថាប័នទទួលខុសត្រូវ។ គម្រោងនេះមានគោលបំណងចំបងគឺគាំទ្រលើឆន្ទ:របស់រាជរដ្ឋាភិបាលដែលមានចេតនាចង់ធ្វើការអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័នតាមរយ:ការ អនុវត្តផែនការសកម្មភាពសំខាន់ៗចំនួន០៣ គឺ៖
ទី១. ការកែលម្អការដឹកនាំ ការគ្រប់គ្រងលើការអនុវត្តច្បាប់ និងបច្ចេកទេស ការគ្រប់គ្រង អភិរក្ស ត្រួតពិនិត្យ និងអង្កេតធនធានជលផលទាំងទឹកសាប និងសមុទ្រ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ស្តីពី “វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU” ។
ទី២. ធ្វើការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមតាមរយ:ការពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម (ចិញ្ចឹម-កែច្នៃ) ដែលរួមចំណែកបង្កើតការងារ និងបង្កើនចំណូលគ្រួសារ និងទី៣. ធ្វើការជួយបង្កើនមុខរបរចិញ្ចឹមជីវិតក្រៅពីការនេសាទការគ្រប់គ្រងកាកសំណល់និងបរិស្ថាន ការមានទឹកស្អាតប្រើប្រាស់ និង បង្កើននូវគុណភាពអប់រំ ចំណេះដឹងដល់កូនចៅអ្នកនេសាទដើម្បីកាត់បន្ថយគម្លាតសេដ្ឋកិច្ច និងសង្គម៕

ដោយ៖សិលា


ចែករំលែក៖