ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា តាមបណ្តោយស្ទឹងសែន

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេងស្ថិតនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្តាំស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សា បានចាប់ផ្តើមធ្វើការសាងសង់កាលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះសម្រេចការងារសាងសង់បានប្រមាណ ៤១,៥% ហើយ​ ។
លេីទំហំការងាររួមមាន ៖
– សាងសង់ទំនប់បេតុង មានប្រវែង 50 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 24,5 ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកសរុបចំនួន 03 កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ 4 ម៉ែត្រ x 4 ម៉ែត្រ ។
– ទំនប់ដី (ខាងឆ្វេង) មានប្រវែង 998,6 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 11 ម៉ែត្រ ។
– ទំនប់ដី (ខាងស្តាំ) មានប្រវែង 1.656,4 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 11 ម៉ែត្រ ។
– ទំនប់ដីរង មានប្រវែងសំណង់សរុប 655 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 7 ម៉ែត្រ ។
– សំណង់បង្ហៀ មានប្រវែងសំណង់សរុប 251 ម៉ែត្រ ទទឹងខ្នងលើ 7 ម៉ែត្រ កម្ពស់អតិបរិមា 24,5 ម៉ែត្រ មានទ្វារទឹកសរុបចំនួន 20 កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ 10 ម៉ែត្រ x 14,5 ម៉ែត្រ ។
សូមបញ្ជាក់ជូនថា បន្ទាប់ពីការសាងសង់រួច ទំនប់អាងទឹករក្សា អាចស្តុកទឹកបានចំនួនប្រមាណ 256,9 លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីទំហំប្រមាណ 143.323 ហិកតា នៅរដូវវស្សា និងប្រមាណ 22.878 ហិកតា នៅរដូវប្រាំង (​ទំនប់​អាងទឹក​រក្សា​ មាន​ទីតាំង​​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ តែ​លទ្ធភាព​នៃ​ការ​ស្រោច​ស្រព​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​)
ទន្ទឹមនឹងនេះ ទំនប់អាងទឹករក្សាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវគ្រោះទឹកជំនន់ និងការ​ផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ ។

ក្នុងឱកាសអញ្ជេីញចុះពិនិត្យជាក់ស្តែងនេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបន្ថែមលើការងារដែលត្រូវអនុវត្តបន្ត​ ដើម្បីធានាគុណភាពសំណង់មានភាពរឹងមាំយូរអង្វែង សម្រាប់​បម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សារនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែល​កើតឡើងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើ​ឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្ន​ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព៕

ដោយ៖សុខ ខេមរា


ចែករំលែក៖