ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកបុករះរថយន្តនិងម៉ូតូ៤គ្រឿងរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់និងស្រាលរួមជាមួយរថយន្តនិងម៉ូតូ៤គ្រឿងទៀតបានរងការខូចខាតខណៈកំពុងឈប់ចាំស្តុបហើយត្រូវរថយន្តធុនធំបើកបុករះយ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៤៥ នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច២៤ម៉ោង ផ្លូវភ្នំពេញ-ហាណូយកែងនឹងផ្លូវលោកឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែសុខ។

ប្រភពពីអ្នកបរម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុអ្នកបើកបររថយន្តឡិចស៊ីស  RX-300 និងអ្នកបើកបរម៉ូតូបានបើកក្នុងទិសដៅពីកើតទៅលិចលើផ្លូវលោកឧកញ៉ា ម៉ុង ឫទ្ធី លុះមកដល់ចំណុចភ្លើងស្តុបខាងលើអ្នកបើកបររថយន្តនិងម៉ូតូបាននាំគ្នាឈប់រង់ចាំភ្លើងពណ៌ខៀវ។ក្រោយមកក៏មានរថយន្ត១គ្រឿងទៀតម៉ាកអុីស៊ុយហ្ស៊ុយពាក់ស្លាកលេខភ្នំពេញ2 AX-2165 បានបើកឆ្លងផ្លូវពីលិចទៅកើត ស្របពេលដែលមានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម 3A -7610 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនសង្ស័យរថយន្តដាច់ហ្វ្រ័ងក៏ជ្រុលទៅបុករថយន្តអុីស៊ុយហ្ស៊ុយហើយក៏ជ្រុលទៅបុករថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2X-0128 និងម៉ូតូហុងដាឌ្រីម ២គ្រឿងទៀត ១គ្រឿងពាក់ស្លាកលេខកំពង់ចាម 1X- 6127 និង១គ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 1CK-8205 ពេញទំហឹងហើយក៏ជ្រុលបុកចូលផ្ទះអ្នកលក់បាយកាហ្វេគុយទាវបណ្តាលឲ្យមានអ្នកបើកបរម៉ូតូរងរបួសធ្ងន់ស្រាលនិងរបងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។ ដោយឡែកអ្នករបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយរថយន្តនិងម៉ូតូទាំង៥គ្រឿងត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងទៀតថា៖ ខណៈរឿងមួយមិនទាន់បានបញ្ចប់ផងស្រាប់តែមានករណីមួយទៀតបានកើតឡើងដោយអ្នកបើកបររថយន្ត១គ្រឿងម៉ាកTOYOTA ពណ៌ស្លែពាក់ស្លាកលេខ 2A. 2203 បើកបរក្នុងទិដៅពីជើងទៅត្បូងខ្វះការប្រុងប្រយ័ត្នមិនបានគោរពភ្លើងស្តុប(ភ្លើងក្រហម) ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប១គ្រឿងម៉ាកឡិចស៊ីស LX570 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BB-3699 ដែលកំពុងបើកឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើតបណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងមួយចំហៀង។

ក្រោយកើតហេតុនគរបាលខណ្ឌសែនសុខបានធ្វើការវាស់វែងនិងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖