អន្តរជាតិ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា កំពុងឈឺក្បាលយ៉ាងខ្លាំង ខណៈអត្រាអ្នកឆ្លងថ្មីៗ នៅក្នុងរដ្ឋមួយនេះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត បានកើនឡើងជាលំដាប់ ។ ដោយស្ថានការណ៍ COVID-19 នៅរដ្ឋកាលីហ្វ័រញ៉ា នៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់ ។
អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ពីតួលេខអ្នកឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះវិញ (ម៉ោងនៅឡូសអាន់ជែឡែស)ថា រដ្ឋមួយនេះ មានចំនួន ៥,៣៤៩ករណី ។ បើទោះបីជាតួលេខចុងក្រោយនេះ បានធ្លាក់ចុះបន្តិចមកវិញក៏ដោយ ក៏មិនមានធ្វើឲ្យអាជ្ញាធរសប្បាយចិត្តនោះឡើយ ដ្បិតថាចំនួននេះគឺនៅខ្ពស់ឆ្ងាយនៅឡើយ បើប្រៀបធៀបនឹងតួលេខមុនៗ ។ ប៉ុន្តែកាលពីថ្ងៃអង្គារកន្លងទៅនេះ បានកត់ត្រាករណីឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19 រហូតទៅដល់ ៧,១៤៩ករណី ដែលជាតួលេខខ្ពស់បំផុតពុំធ្លាប់មានពីមុនមកឡើយ ។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន ញូសម (Gavin Newsom) បានលើកឡើងតាមរយៈសំណេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «កាលពីម្សិលមិញយើងមានករណីឆ្លងថ្មីចំនួន ៧,១៤៩ករណី។ ថ្ងៃនេះបានធ្លាក់ចុះមកនៅត្រឹម ៥,៣៤៩ករណី ប៉ុន្តែវានៅតែជាតួលេខខ្ពស់ ហួសការរំពឹងទុករបស់យើងដដែល»។ ជាមួយគ្នានោះដែរ អភិបាលរដ្ឋរូបនេះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ ឲ្យប្រកាន់ភ្ជាប់ការរក្សាអនាម័យឲ្យបានល្អ ដូចជាការពាក់ម៉ាស, លាងដៃឲ្យបានញឹកញាប់ និងការអនុវត្តគម្លាតសុវត្ថិភាពជាដើម។
នៅចំពោះមុខបញ្ហានេះ លោក Newsom បានព្រមានថា អាជ្ញាធរអាចនឹងត្រឡប់ទៅដាក់ចេញនូវវិធានការរឹតបន្តឹងសាជាថ្មី ហើយក៏អាចតឹងតែងជាងលើកមុនទៅទៀត ប្រសិនបើអត្រាអ្នកឆ្លងថ្មីៗនៅតែបន្តកើនឡើង។ លោកអភិបាលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនមានបំណងចង់ធ្វើវាទេ។ យើងពិតជាមិនចង់នោះទេ ប៉ុន្តែខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា យើងបានត្រៀមខ្លួនរួចហើយ ប្រសិនបើគេចមិនផុតទេនោះ»។
បើគិតមកទល់ពេលនេះ រដ្ឋកាលីហ្វ័រញ៉ាមានករណីឆ្លងជំងឺ COVID-19 សរុប ២០១,០០៤ករណី ។ ខណៈដែលតួលេខសរុបនៅទូទាំងសហរដ្ឋអាមេរិកវិញបានកើនលើស ២.៥លានករណីហើយ ក្នុងនោះស្លាប់ជាង ១២.៦ម៉ឺននាក់ និងជាសះស្បើយឡើងវិញជាង ១លាននាក់៕ដោយ៖ស តារា