ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ ទាំងសាកសពខ្ទេចទាំងស្រុង ខណៈយក សំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មកអារ ក៏បណ្តាលអោយផ្ទុះក្នុងទីតាំងសិប្បកម្មរបស់ខ្លួន។
ហេតុការណ៍ដ៏រន្ធត់បានកើតនៅថ្ងៃអាទិត្យ៨កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២និង៤៥នាទី ស្ថិតនៅចំណុចសិប្បកម្មកែច្នៃយានយន្តនិងសម្ភារៈសិប្បកម្មស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានឱ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
លោកបន្តថា៖ វត្ថុតាងនៅកន្លែងកើតហេតុរួមមាន៖ បំណែកអំបែងគ្រាប់ មួយចំនួន (បន្សល់ទុក នៅជិតកន្លែងកើតហេតុ) ក្នុងនោះខាងជំនាញCMAC ក៏បានចុះមកពិនិត្យប្រមូលចាប់យកវត្ថុតាងនូវបំណែកទាំងនោះ។
លោកស្នងការបន្តថា៖ ក្រោយពីការពិនិត្យរបស់នាយការិយាលយ័ជំនាញខេត្តនិងក្រុមការងារអង្គការCMAC បានឱ្យដឹងថា គ្រាប់ដែលផ្ទុះជាប្រភេទ គ្រាប់ផ្លោង105MM ។
តាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំ បានរៀបរាប់ថា៖ នៅអំឡុងប្រហែលជាងដប់ឆ្នាំមុនជនរងគ្រោះបានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្មលក្ខណះគ្រួសារ។ លុះដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត បានយកគ្រាប់ប្រភេទ105MM និងប្រើម៉ូទ័រមកអាកាត់កែច្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន ។ ខណៈនោះស្រាប់តែផ្ទុះគ្រាប់ជាបំណែកៗ បណ្ដាលឲ្យត្រូវជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតនៅជុំវិញកន្លែងកើតហេតុ ដូចជាសាច់កាប់ជាកង់ៗ គួរឱ្យរន្ធត់បំផុត។
បច្ចុប្បន្នសាកសព សល់តែបំណែកៗរើសបាន១ថង់ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សិលា