ឥណ្ឌានិងចិនបានបង្កើនសកម្មភាពយោធានៅតាមបណ្តោយព្រំដែន ដោយប្រទេសទាំងពីរបានខិតខំបញ្ជូនកម្លាំងទាហាននិងអាវុធទំនើបៗទៅកាន់ទីនោះដើម្បីត្រៀមលក្ខណៈប្រឈមមុខដាក់គ្នាជាទ្រង់ទ្រាយធំ ។
ឥណ្ឌាបានសម្រេចបញ្ជូនកម្លាំង ទាហាននិងមីស៊ីលការពារដែនអាកាសទៅកាន់ព្រំដែនក្រោយពេលមានព័ត៌មានបានផ្សាយថា ចិនបានបញ្ជូនឧទ្ធម្ភាគចក្រ យន្តហោះចម្បាំងជាច្រើនទៅកាន់តំបន់ព្រំដែនLAC។ ប្រព័ន្ធមីស៊ីល ការពារដែនអាកាសរបស់ឥណ្ឌាក៏បានបញ្ជូនទៅដល់ទីតាំងស្ថិតនៅតំបន់ព្រំដែនក្នុងរដ្ឋLadakh ដោយត្រៀមលក្ខណៈធ្វើសង្គ្រាម។
ចំណែកភាគីចិនវិញ មិនត្រឹមតែបញ្ជូនកម្លាំងទាហាននិងអាវុធ ប៉ុណ្ណោះទេ ថែមទាំងបានបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ទៅកាន់ព្រំដែនដើម្បីហ្វឹកហាត់ក្បាច់គុន មូលដ្ឋាន សម្រាប់ទប់ទល់និឹងកម្លាំងទាហានឥណ្ឌា ពេលប៉ះទង្គិចគ្នាដោយដៃទទេ។
យោងតាមសារព័ត៌មាន CCTV បានឱ្យដឹងថា គ្រូក្បាច់គុនចម្រុះ២០នាក់ មកពីក្លិប Enbo Fight Club នឹងត្រូវបញ្ជូនឱ្យទៅឈរជើងក្នុងទីក្រុង Lhasa នៃតំបន់ទីបេ ជួយបណ្ដុះបណ្ដាលកងទ័ពចិន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌា ។
នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៥ ខែមិថុនា កងទ័ពចិន និងកងទ័ពឥណ្ឌា បានប្រើប្រាស់ដុំថ្ម និងដំបងវាយសំពងគ្នាទៅវិញទៅមកបណ្ដាលឱ្យកងទ័ពឥណ្ឌាយ៉ាងហោចណាស់២០នាក់ស្លាប់ ខណៈមកទល់នឹងពេលនេះ ចិននៅតែមិនបញ្ជាក់ថាកងទ័ពរបស់ខ្លួនស្លាប់ ឬរបួសប៉ុន្មាននាក់នោះទេ។ នៅក្រោមកិច្ចព្រមព្រៀង ឆ្នាំ១៩៩៦ កងទ័ពឥណ្ឌា និងចិន មិនអាចប្រើប្រាស់កាំភ្លើង ឬគ្រឿងផ្ទុះណាមួយនៅក្នុងតំបន់ជម្លោះឡើយ៕ដោយ៖ធី រីណា