ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យគម្រោងថតកុនចាយទុន១លានដុល្លាររឿងប្រវត្តិសាស្ត្រមួយជាគម្រោងធ្វើនំអត់ម្ស៉ៅ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករក្រោយពីផលិតកម្មមួយមានឈ្មោះ DL បានបង្ហាញគម្រោងនៃការផលិតរឿងដ៏ធំមួយ គឺរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ» ដែលរឿងមួយនេះមានគម្រោងចាយទុនប្រមាណជាង១លានដុល្លារ និងមានការចូលរួមសម្តែងពីតារាភាពយន្ត និងចម្រៀងល្បីៗជាច្រើនរូប។ ទោះជាយ៉ាងណាគម្រោងនេះត្រូវបានផលិតករ និងសិល្បករជាច្រើនលើកឡើងថាជាគម្រោងខ្យល់ និងជាការផលិតបែបធ្វើនំអត់ម្ស៉ៅប៉ុណ្ណោះ។

ការភ្ញាក់ផ្អើលក្រោយពីផលិតកម្មខាងលើបានបង្ហាញពីគម្រោងក្នុងការផលិតភាពយន្តបែបប្រវត្តិសាស្ត្រដ៏ធំមួយដោយបានធ្វើការរចនារូបថតភ្ជាប់ដោយសិល្បករជាច្រើន ។ ទោះជាយ៉ាងណាសិល្បករដែលត្រូវបានគេកាត់រូបតំរៀបគ្នានោះមិនមានអ្នកណាដឹងទេថា នឹងចាប់ផ្តើមថតពេលណា ព្រោះតែអ្នកខ្លះត្រឹមតែបានគេហៅសាកសួរខ្លះៗប៉ុណ្ណោះមិនទាំងមានកិច្ចសន្យាថតត្រឹមត្រូវនោះទេ។ ប្រភពពីសិល្បករម្នាក់លើកឡើងថា លោកមិនត្រូវបានផលិតកម្មធ្វើការបញ្ជាក់ច្បាស់លាស់ទេ ដែលសូម្បីតែជួបផលិតករផ្ទាល់ក៏គ្មាន ស្រាប់តែមានការប្រកាសថាគ្រោងចេញថតនៅអំឡុងខែកក្កដានេះទៅវិញ។ ប្រភពដដែលលើកឡើងថា សិល្បករទាំងអស់ដែលនៅក្នុងរូបភាពសុទ្ធតែមិនបានដឹងអំពីការចេញថត ដែលកាន់តែធ្វើឲ្យមានការសង្ស័យថាផលិតករមិនមានគម្រោងច្បាស់លាស់ស្ថិតក្នុងចេតនាណាមួយមិនត្រឹមត្រូវខណៈផលិតករ ផលិតកម្មក៏មិនត្រូវបានគេស្គាល់ថាមានទីតាំងជាក់លាក់ ឬធ្លាប់ឆ្លងកាត់ការផលិតស្នាដៃសិល្បៈណាមួយនៅឡើយ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតំណាងផលិតកម្មDL បាននៅឡើយនោះទេ។ ទោះជាយ៉ាងណាថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈនាយកដ្ឋានភាពយន្ត បាននិងកំពុងស្វែងរកការស្រាយបំភ្លឺពីម្ចាស់ផលិតកម្មមួយ ពាក់ព័ន្ធទៅនឹងគម្រោងថតភាពយន្តខ្នាតធំមួយបែបប្រវត្តិសាស្ត្រ ដែលក្រសួងបានចាត់ទុកថា ផលិតកម្មមួយនេះ ពុំបានឆ្លងកាត់ច្បាប់អនុញ្ញាតពីក្រសួងនៅឡើយទេ។ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ លោក ប៉ុក បូរក្ស បានអះអាងប្រាប់អ្នកសារព័ត៌មានថា មិនមានគម្រោងឬឯកសារពាក់ព័ន្ធពីការផលិតនេះនៅមិនទាន់ឆ្លងកាត់នាយកដ្ឋានរបស់លោកឡើយ។លោកបញ្ជាក់ថាលោកក៏បានសួរនាំទៅកាន់តួអង្គមួយចំនួនដែលមានក្នុងរូបផ្សព្វផ្សាយនោះ គឺពួកគាត់មិនបានដឹងខ្លួនឡើយ មានន័យថា ម្ចាស់ផលិតកម្មបានកាត់តរូបភាពពួកគេពីកន្លែងណាមកទេ ហើយយកមកធ្វើជា Poster សម្រាប់ផ្សព្វផ្សាយ។លោកថាជាជំហ៊ានដំបូងយើងត្រូវព្យាយាមកោះហៅម្ចាស់ផលិតកម្មនោះចូលខ្លួនមកបំភ្លឺជាមុនសិន ដើម្បីកំណត់ឲ្យបានច្បាស់ពីគម្រោងមួយនេះ អាចជាការពិត ឬក៏ជាការបង្ហោះហើយចោល ដែលនោះគឺជាការព្រួយបារម្ភរបស់យើង។

គួរបញ្ជាក់ដែរថានៅលើPoster ដែលត្រូវបានផលិតកម្មកាត់តរូបថតនៅមាន ​ដូចជា​ លោក លាង ​​ឆេ លោក ខាត់ វៃ​ហាំង កញ្ញា​​ ស៊ិន​យូប៊ីន តារា​ចម្រៀង​​​​​ប្រុស​​ អាន គុណ​​​កូឡា លោក DJ milk​ លោក អេង​​លី​ហ៊ួ ​​ ជាដើម។ សិល្បករជាច្រើនបានស្នើឲ្យក្រសួងពាក់ព័ន្ធធ្វើការស្រាវជ្រាវពិនិត្យអំពីគម្រោងផលិតភាពយន្តមួយនេះដែលគេលេចចេញភាពមិនប្រក្រតីច្រើន៕ដោយ ៖វឌ្ឍនា


ចែករំលែក៖