អន្តរជាតិ៖ យោងតាមការប្រកាសរបស់កងទ័ពជើងទឹកអាមេរិកនៅថ្ងៃទី៣ខែកក្កដាថ្មីៗនេះ បានបញ្ជាក់ថា នាវាដឹកនាំយន្តហោះ USS Nimitz និងUSS Ronald Reagan បានធ្វើប្រតិបត្តិការ និងចូលរួមក្នុងសមយុទ្ធនៅលើផ្ទៃទឹកសមុទ្រចិនខាងត្បូង ដើម្បីគាំទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។ ដោយវត្តមាននាវាដឹកនាំយន្តហោះអាមេរិកនេះ កើតឡើងស្របពេលដែលយោធាចិន កំពុងធ្វើសមយុទ្ធនៅតំបន់ប្រទាញប្រទង់នេះដូចគ្នា។ប៉ុន្តែកងទ័ពជើងទឹកអាមេរិកអះអាងថា សមយុទ្ធអាមេរិក មិនមែនឆ្លើយតបនឹងលំហាត់យោធារបស់ចិននៅក្បែរប្រជុំកោះប៉ារ៉ាសែលឡើយ។
បើតាមកាសែតអាមេរិក Wall Street Journal បាននិយាយថា តាមកាបញ្ជាក់ពី ឧត្តមនាវីត្រី George M Wikoff មេបញ្ជាការក្រុមនាវាដឹកនាំយន្តហោះ USS Ronald Reagan ថា គោលដៅនៃលំហាត់យោធានេះគឺផ្ដល់សញ្ញាឲ្យសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់របស់អាមេរិកពីការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការពារស្ថិរភាព និងសន្តិសុខតំបន់ ។ ប៉ុន្តែកងទ័ពជើងទឹកអាមេរិក មិនបានបញ្ជាក់ពីទីតាំងជាក់លាក់ដែលនាវាដឹកយន្តហោះទាំងពីរនេះ ធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងឡើយ។
មេបញ្ជាការដដែលនេះ បន្តថា សហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកនាំយន្តហោះពីរគ្រឿងទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីធ្វើលំហាត់យោធា និងអនុវត្តសេរីភាពនាវាចរណ៍ក្រោមច្បាប់អន្តរជាតិ។ ដោយប្រតិបត្តិការរបស់ទ័ពជើងងអាមេរិក មិនមែនជាការឆ្លើយតបអ្វីទៅនឹងសមយុទ្ធយោធារបស់កងទ័ពចិន ដែលកំពុងធ្វើនៅតំបន់នេះដែរ។ ជាក់ស្តែងកងទ័ពជើងទឹកចិន ក៏កំពុងធ្វើសមយុទ្ធរយៈពេល៥ថ្ងៃរបស់ខ្លួនដែរនៅក្បែរដែនកោះប៉ារ៉ាសែលនៃសមុទ្រចិនខាងត្បូងដែលចិនទាមទារស្ទើរទាំងស្រុង ដោយចាប់ផ្ដើមពីថ្ងៃទី១ខែកក្កដាកន្លងទៅ។
គួរបញ្ជាក់ថា ហ្វីលីពីន និងវៀតណាមដែលទាមទារកម្មសិទ្ធិលើកោះនេះបានថ្កោលទោសចិនយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ ដោយចាត់ទុកជាការបំពានអធិបតេយ្យ។ ចំណែកទីក្រុងហាណូយ និងម៉ានីល ក៏ព្រមានដែរថា៖ សកម្មភាពរបស់ចិន នឹងបង្កើនកម្ដៅភាពតានតឹងក្នុងតំបន់ ហើយក៏ប៉ះពាល់ដល់ទំនាក់ទំនងអ្នកជិតខាងផងដែរ ។
សូមជម្រាបថា វត្តមាននាវាដឹកយន្តហោះអាមេរិកនៅសមុទ្រចិនខាងត្បូង វាមិនមែនជារឿងថ្មីនោះឡើយ ។ ព្រោះកន្លងទៅ អាមេរិកតែងបញ្ជូននាវារបស់ខ្លួនមិននាវាដឹកយន្តហោះ ឬនាវាចម្បាំងឡើយទៅកាន់តំបន់សមុទ្រដ៏មមាញឹកតែពោរពេញដោយភាពតានតឹងមួយនេះ។ពេលខ្លះ នាវាដឹកនាំយន្តហោះអាមេរិកដល់ទៅបីគ្រឿងឯណោះ បើកកាត់ដែនទឹកមួយនេះទោះជារងប្រតិកម្មខ្លាំងពីទីក្រុងប៉េកាំងក៏ដោយ ៕ដោយ៖ស តារា