កីឡាករ Paolo Maldini អតីតតារាឆ្នើមរបស់ AC Milan បានសារភាពថា គាត់មិនច្បាស់ទេថាតើគាត់នឹងនៅតែជាគ្រូបង្វឹកបច្ចេកទេសនៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia នៅព្រឹកថ្ងៃពុធនេះ។
ការថ្លែងរបស់គាត់បែបនេះបន្ទាប់ពីមានរបាយការណ៍ជាច្រើននៅក្នុងបណ្តាញសារព័ត៌មានអ៊ីតាលីថា ក្រុម AC Milan កំពុងតែចង់ជំនួសគ្រូបង្វឹកលោក Stefano Pioli ដោយលោក Ralf Rangnick នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយអាចនឹងផ្លាស់ប្តូរទាំងគ្រូបច្ចេកទេសផង។
នៅពេលគេសួរអំពីអនាគតរបស់ខ្លួនអតីតប្រធានក្រុម Maldini វ័យ៥២ឆ្នាំបានប្រាប់សារព័ត៌មានអ៊ីតាលី DAZN មុនការប្រកួតរបស់ក្រុម AC Milan ជាមួយក្រុម Juventus ថា “ខ្ញុំមិនដឹងថាតើនឹងមានកន្លែងទំនេរសម្រាប់ខ្ញុំនៅ AC Milan នាពេលអនាគតទេ។ ខ្ញុំគ្រាន់តែចង់នៅដល់ចុងបញ្ចប់នៃរដូវកាលនេះ ព្រោះយើងនៅតែមានការប្រកួតជាច្រើនដែលត្រូវលេងហើយអាចធ្វើរឿងល្អបាន”។
ក្រុម AC Milan មិនស្គាល់ចាញ់សោះក្នុង៥ប្រកួតក្នុងរាល់ការប្រកួតទាំងអស់ចាប់តាំងពីការចាប់ផ្តើមរដូវកាលរបស់អ៊ីតាលីបន្ទាប់ពីមានជំងឺកូវីដ-១៩ ប៉ុន្តែនៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី៥នៃលីកកំពូលអ៊ីតាលី។ នៅពេលដែលត្រូវបានគេសួរថា តើគាត់ចង់នៅជាមួយក្រុម AC Milan ទៀតទេ? លោក Maldini ឆ្លើយថា “វាគឺជាសំណួរពិបាកមួយ។ ភក្តីភាពរបស់ខ្ញុំជាមួយក្រុម AC Milan មិនទាន់មានការជជែកគ្នានៅឡើយ” ។
សូមបញ្ជាក់ថា លោក Paolo Maldini គឺជាអតីតកីឡាករឆ្នើម និងជាអ្នកបង្កើតកំណត់ត្រាលេចធ្លោគ្រប់ពេលរបស់ជាមួយក្រុម AC Milan ដោយបង្ហាញខ្លួនបាន៩០២ដង ជួយក្លឹបឲ្យឈ្នះជើងឯកអឺរ៉ុប៧សម័យកាលចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅខែមករា ឆ្នាំ១៩៨៥ ដល់អាយុចូលនិវត្តន៍របស់គាត់ដែលមានអាយុ៤១ឆ្នាំក្នុងឆ្នាំ២០០៩ ៕
ដោយ៖ ភារៈ