ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជូនដំណឹងស្តីពីច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយហាមឃាត់ការធ្វើអាជីវកម្មទិញ–លក់–ពិឃាតសត្វសុនខ(ឆ្កែ) ។
ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការណែនាំពីគណអភិបាលខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធ៌ម ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទវប្បធ៌ម ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ ។ តាំងពីបុរាណកាលរៀងមក សត្វសុនខ(ឆ្កែ)ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនខ្មែរយើងចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ (ឆ្កែ)មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចំការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង …។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់–ទិញ–ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថាមានការធ្លាក់ចុះនូវតម្លៃមនុស្សធម៍ គុណធម៍ ព្រមទាំងធ្វើឲ្យមានការឆ្លងរាលដាលជម្ងឺឆ្កែឆ្កួត និងជម្ងឺផ្សេងៗជាច្រើនទៀតពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវពីអង្គការសុខភាពសត្វពិភពលោក(OIE) និងអង្គការ ហ្វរផរ (Four Paw) ។
ដោយឡែកការដើរទាក់–លក់–ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២ ,១១៣ , ១១៥ នៃច្បាប់នេះ ។ អាស្រ័យហេតុនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តហាមឃាត់ការធ្វើអាជីវកម្មទិញ–លក់សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទិញ–លក់ ពិឃាតសត្វសុនខ(ឆ្កែ) ទាំងអស់ និងសាធារណៈជននឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ដោយ៖ស តារា