ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំស្វែងយល់ជុំវិញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួង សុខាភិបាលស្តីពី ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួមផងដែរ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអនុវត្តការបង្ការ ទប់ស្កាត់នៃការរីករាលដាលវីរុសកូវីដ–១៩ និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលកន្លងមក ដែលបានដាក់ចេញវិធានការនានា និងមានកិច្ចសហការយ៉ាងល្អប្រសើរជាមួយភាគីថៃក្នុងការទទួលបងប្អូនពលករខ្មែរ ដែលភាគីថៃបានបញ្ជូនមកវិញតាមច្រកព្រំដែន ដែលមានការរៀបចំទីតាំងបានយ៉ាងល្អ និងមានប្រសិទ្ធភាព។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ គូសបញ្ជាក់ថា «រឿងកូវីដ–១៩នេះសុំឲ្យអាជ្ញាធរខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នផ្សព្វផ្សាយពីវិធានការទប់ស្កាត់ពីការចម្លងជំងឺនេះ ជាពិសេសករណីនាំចូលពី ប្រទេសជិតខាង ក្នុងនោះទប់ស្កាត់ការលួចឆ្លងដែនរបស់បងប្អូនពលករ ដើម្បីទៅរកការងារនៅប្រទេសថៃ ដែលវាជាហានីភ័យខ្ពស់ពីការឆ្លងកូវីដ–១៩នេះ»។
បន្ថែមពីនេះទៅទៀត លោកស្រី ក៏បានលើកឡើងថា ខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលជាក្តីព្រួយបារម្ភមួយ ដែលទាមទារឲ្យអាជ្ញាធរត្រូវបង្កើនការទប់ស្កាត់ឲ្យបានខ្ពស់។ ចំពោះការធ្វើដំណើរ ចេញចូលទៅប្រទេសថៃ ព្រោះខេត្តបន្ទាយមានជ័យមានច្រករបៀងច្រើនពិបាកក្នុងការទប់ស្កាត់ ជាពិសេសបងប្អូនពលករ លួចឆ្លងដែនទៅទឹកដីថៃ ដែលមកទល់ពេលនេះ មានពលករមកពីថៃជិត៧ម៉ឺននាក់ ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារមុនពេលឲ្យចេញដំណើរត្រលប់ទៅមណ្ឌលចត្តាឡីស័ក ឬស្រុកកំណើតរបស់ខ្លួនវិញ។
ក្នុងឱកាសនោះដែរ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កន្លងមកអាជ្ញាធរខេត្តរួមនឹងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចេញនូវវិធានការផ្សេងៗ ក្នុងការទប់ស្កាត់ការរីករាលដាលពីការចម្លងកូវីដ–១៩ហើយពលរដ្ឋមានការយល់ដឹង និងអនុវត្តបានយ៉ាងល្អប្រសើរជាមួយនឹងការដាក់នូវវិធានការរបស់អាជ្ញាធរ។
លោកអភិបាលខេត្ត បញ្ជាក់ថា «រដ្ឋបាលខេត្តនឹងខិតខំអំពាវនាវឲ្យការកៀគរជួយគាំទ្រប្រតិបត្តិការរបស់ក្រុមការងារសុខាភិបាល កងកម្លាំងដែលឈរជើងតាមគោលដៅនានា ពិសេសតាមបន្ទាត់ព្រំដែន ឲ្យដល់បងប្អូនពលរដ្ឋក្នុងខេត្ត ត្រូវបន្តអនុវត្តនូវវិធានការដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយអនុវត្តវិធានការអនាម័យ លាងសម្អាតដៃជាមួយសាប៊ូទឹកស្អាត អាល់កុល ឬជែលជាពិសេសត្រូវពាក់ម៉ាក់ការពារពេលចេញធ្វើដំណើរតាមទីសាធារណៈផ្សេងៗ»៕ដោយ៖ស តារា