ខេត្តស្ទឹងត្រែង៖ ស្ត្រីទីទាល់ក្រពីរនាក់ត្រូវបានផ្លាស់ប្តូរទីលំនៅពីចំណីមាត់ទន្លេមកនៅដីឡូត៍តាមការរៀបចំដីជាកម្មសិទ្ធិស្របច្បាប់របស់អាជ្ញាធរក្រុង ដោយមានក្បាលដី៥ម៉ែត្រគុណនឹង២៥ម៉ែត្រ ប្រគល់ជូនពួកគាត់ចំនួន៣៩គ្រួសារក្នុងនោះមានស្ត្រីចាស់ជរាជាស្រ្តីមេម៉ាយពីរនាក់គ្មានទីពឹង ត្រូវបានសប្បុរសជនក្នុងខេត្ត លោកអភិបាលក្រុង លោកអភិបាលខេត្ត រួមទាំងព្រះសង្ឃចៅអធិការ៤វត្តផងដែរចូលរួមក្នុងសង្គមជាតិយើងក្នុងវិស័យមនុស្សធម៌។
ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះតេជព្រះគុណព្រះមេគណខេត្ត ព្រះតេជព្រះគុណព្រអនុគណខេត្ត ព្រះចៅអធិការវត្តចំនួន៤ក្នុងខេត្តស្ទឹងត្រែង លោកអភិបាលនៃគណ:អភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ លោកអភិបាលក្រុង លោកចៅសង្កាត់ នឹងអង្គភាពជុំវិញខេត្ត បាននិមន្តនិងអញ្ចើញប្រគល់ផ្ទះចំនួន២ខ្នង ជូនដល់ស្ត្រីមេម៉ាយទីទាល់ក្រគ្មានទីពឹង នៅរសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងចំណុចចម្ការម៉ៃសាក់ ភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា ស្ត្រីមេម៉ាយទាំងពីរនាក់ដែលទីទាល់ក្រគ្មានទីពឹង នឹងត្រូវប្រគល់ជូននូវផ្ទះ២ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ជាកម្លាំងសទ្ធាជ្រះថ្លារបស់សប្បុរសជន អាជ្ញាធរខេត្ត ក្រុង យុវជន និងព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការវត្ត ជួយឧបត្ថម្ភជាច្រើនបន្ថែមទៀត ដូចជាថវិកា សម្ភារប្រើប្រាស់ រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនសម្រាប់ផ្គត់ផ្គង់ដល់ពួកគាត់ទីទាល់ក្រនៅពេលនេះផងដែរ។
លោកម៉ែន គុង អ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងដែរថា ផ្ទះពីរខ្នងខាងលើនេះគឺធ្វើឡើងដោយកម្លាំងសាមគ្គី មានព្រះសង្ឃ លោកអភិបាលខេត្ត លោកអភិបាលក្រុង រួមនឹងកម្លាំងយុវជន ស.ស.យ.ក ក្រុងនិងខេត្ត បានសហការគ្នាជួយអស់ពីកម្លាំងកាយចិត្ត រួមទាំងថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។
លោកបញ្ជាក់ថា ដោយឡែកផ្ទាំងសូឡាដាក់បំភ្លឺផ្ទះក្នុងផ្ទះមួយផ្ទាំងផងដែររួមនឹងថវិកា គ្រឿងឧបភោគបរិភោគ គឺជាទឹកព្រះទ័យរបស់ព្រះអង្គព្រះអនុគណ ព្រះនាមពុធ យាំ ជាព្រះចៅអធិការវត្តឧទ្ទិស្សារាម ហៅវត្តថាឡាបរិវ៉ាត់ដែលព្រះអង្គមានទឹកព្រះទ័យជួយដល់ជនក្រីក្រនិងសង្គមជាតិ។
ដោយឡែកផ្ទះ២ខ្នងខាងលើបានមកសង់លើដីឡូត៍ ដែលលោកអភិបាលក្រុង បានរៀបចំទុកសម្រាប់ដោះដូរ បងប្អូនចេញពីមាត់ទន្លេតាំងពីទល់មុខអតីតព្រះដំណាក់ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ រហូតមកដល់ស្ពានមេគង្គ ក្នុងចំណោម៣៩គ្រួសារ គឺមានពីរគ្រួសារជាស្ត្រីមេម៉ាយ ទីទាល់ក្រ ដែលអាជ្ញាធរត្រូវគិតគូរដោយមិនអាចទុកគាត់ចោលបាន ៕
ដោយ៖មាស សុផាត