ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហម Liverpool បន្តឈ្នះចង់បំបែកកំណត់ត្រា១០០ពិន្ទុ ខណៈមេឃខៀវ Man City បំបាក់ក្រុមភ្ញៀវ Newcastle ៥-០

ចែករំលែក៖

អង់គ្លេស៖ក្រុមម្ចាស់ជើងឯកលីកកំពូលអង់គ្លេស Premier League យកឈ្នះក្រុមម្ចាស់ផ្ទះ Brighton ក្នុងលទ្ធផល ៣ទល់១ នៅកីឡដ្ឋាន Amex ចំណែកក្រុមមេឃខៀវ Man City បានបំបាក់ក្រុមភ្ញៀវ Newcastle មិនឲ្យតដៃរួចក្នុងលទ្ធផល ៥ទល់០ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៨ ម្សិលមុិញ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ក្រុមហង្សក្រហម Liverpool បានបន្តការឈ្នះដើម្បីបំបែកកំណត់ត្រានៃក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះដោយព្យាយាមស្វែងរកឲ្យបាន១០០ពិន្ទុ។ ក្រុមហង្សក្រហមបានទទួល៣ពិន្ទុបន្ថែមទៀតជាមួយនឹងភាពងាយស្រួលនៅពេលដែលពួកគេរកបាន២គ្រាប់ក្នុងរយៈពេល៨នាទី ខណៈដែលក្រុម Brighton កំពុងតែព្យាយាមឲ្យក្រុមរបស់ខ្លួនឆ្លងផុតពីតំបន់កាត់ចោល។

ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah រកបាន១គ្រាប់នៅនាទីទី៦ និងគ្រាប់ទី២រកបានដោយប្រធានក្រុម Liverpool កីឡាករ Jordan Henderson នៅនាទីទី៨ដោយស៊ុតបាល់ពីចម្ងាយយ៉ាងល្អ ទោះយ៉ាងណាក្រុម Brighton បានវាយបកវិញរកបាន១គ្រាប់នៅនាទីទី៤៥ ដោយកីឡាករ Leandro Trossard ពីការបញ្ជូនបាល់របស់ Tariq Lamptey នៅនាទីទី៧៦ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Mohamed Salah ដដែលរកបានគ្រាប់បាល់១គ្រាប់ទៀត ដែលធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករល្អបំផុតប្រចាំការប្រកួតនេះ ដោយរកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតមួយគ្រាប់។

ចប់ការប្រកួតក្រុមភ្ញៀវហង្សក្រហម Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ Brighton ក្នុងលទ្ធផល ៣ទល់១ ធ្វើឲ្យក្រុមហង្សក្រហមកើនពិន្ទុឡើង៩២ពិន្ទុ ខណៈដែលក្រុម Brighton បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៥ មាន៣៦ពិន្ទុ។

ចំណែកក្រុម Manchester City បានវិលត្រឡប់ទៅរកជ័យជម្នះដោយការបំបាក់ក្រុមភ្ញៀវ Newcastle ក្នុងលទ្ធផល ៥ទល់០ នៅឯកីឡដ្ឋាន Etihad ក្រុមរបស់លោក Pep Guardiola បានចាញ់ក្រុមSouthampton នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីសប្តាហ៍មុន ប៉ុន្តែសម្រាប់ការប្រកួតនៅរាត្រីម្សិលមុិញពួកគេធ្វើបានល្អដោយយកឈ្នះគូប្រកួតយ៉ាងធំធេង

៥គ្រាប់របស់ក្រុមម្ចាស់មេឃខៀវ Man City រកបានដោយកីឡាករ Gabriel Jesus នៅនាទីទី១០ គ្រាប់ទី២រកបានដោយកីឡាករ Mahrezនៅនាទីទី២១, គ្រាប់ទី៣គឺជាការភ្លាត់ស្នៀតរបស់កីឡាករ Fernándezរបស់ក្រុម Newcastle ធ្វើឲ្យចូលទីខ្លួនឯងនៅនាទីទី៥៨ គ្រាប់បាល់ទី៤រកបានដោយកីឡាករ David Silva នៅនាទីទី៦៥ និងគ្រាប់បាល់ទី៥រកបានដោយកីឡាករ Sterling នៅនាទីទី៩០ជិតចប់ការប្រកួត។

លទ្ធផលនេះធ្វើឲ្យក្រុម Man City មាន៦៩ពិន្ទុ វ៉ាដាច់៩ពិន្ទុពីក្រុមលេខ៣ ខណៈដែលក្រុម Newcastle ធ្លាក់ដល់លេខ១៣មាន៤៣ពិន្ទុ។

សូមបញ្ជាក់ថា កាលប្រកួតក្របខ័ណ្ឌលីកកំពូលអង់គ្លេសនៅសល់៤ប្រកួតទៀតនឹងចប់រដូវកាល។ ក្រុម Man City ធ្លាប់ធ្វើបាន១០០ពិន្ទុនៅក្របខ័ណ្ឌអង់គ្លេស Premier League មួយនេះ ហើយក្រុមហង្សក្រហមក៏កំពុងព្យាយាមរកពិន្ទុឲ្យបាន១០០ពិន្ទុសម្រាប់រដូវកាលនេះដែរ។ បច្ចុប្បន្ននេះក្រុមហង្សក្រហម Liverpool ឈ្នះ៣០ប្រកួតក្នុងចំណោម៣៤ប្រកួតរបស់ពួកគេនៅរដូវកាលនេះ (ស្មើ២ ចាញ់២)ទិន្នន័យនេះគឺជាក្រុមលឿនបំផុតដែលមិនធ្លាប់មានដែលទទួលបានជ័យជម្នះ៣០ដងក្នុងមួយរដូវកាលក្នុងប្រវត្តិសាស្ត្រនៃលីកបាល់ទាត់អង់គ្លេស

ដោយ៖ភារៈ


ចែករំលែក៖