ប៉េរ៉ូ៖ ប្រធានាធិបតី ប៉េរ៉ូ លោក Martin Vizcarra កាលពីថ្ងៃ ទី៨ ខែកក្កដាបានប្រកាសថា មានមនុស្ស៧នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធា ដែលកំពុងតែបំពេញការងារមនុស្សធម៌។ ប្រធានាធិបតីបានបញ្ជាឲ្យបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុបណ្តាលឲ្យជួបគ្រោះថ្នាក់ខាងលើ។
តាមអ្នកសារព័ត៌មានTTXVN ដែលឈរជើងនៅតំបន់អាមេរិកឡាទីន ប្រធានាធិបតី ប៉េរ៉ូបានប្រកាសនៅសន្និសីទកាសែតថា កម្លាំងទាហានបានទៅដល់កន្លែងកើតហេតុហើយរកឃើញឧទ្ធម្ភាគចក្រដែលបាត់ខ្លួនមួយថ្ងៃមុន ។ ប្រធានាធិបតីបញ្ជាក់ថា ក្នុងចំណោមមនុស្ស៧នាក់ស្លាប់ មាន ៤នាក់មកពីកម្លាំងទាហានអាកាសនិងជនស៊ីវិល៣នាក់។
ប្រធានាធិបតីប៉េរ៉ូ ក៏បានចូលរួមរំលែកទុក្ខដល់ គ្រួសារជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ខាងលើផងដែរ។
កន្លងមករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៉េរ៉ូ បានប្រកាសថា ឧទ្ធម្ភាគចក្រ MI-17 របស់កម្លាំងទាហានអាកាសប្រទេសនេះ ត្រូវបានគេរកឃើញធ្លាក់នៅតំបន់ Chijaស្ថិតនៅក្នុងខេត្តBagua ។ ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់គឺ បានដឹកជំនួយទៅជួយដល់ ក្រុមកុលសម្ព័ន្ធ នៅក្នុងព្រៃអាម៉ាហ្សូន៕ដោយ៖ធី រីណា