ព័ត៌មានទាន់ហេតុការណ៍៖

ថៃផ្លាស់ប្តូរលក្ខខណ្ឌសម្រាប់អ្នកដំណើរមកពីបរទេសក្រោយមានអ្នកឆ្លងកូវីដ-១៩​

ចែករំលែក៖

បរទេស៖ ថៃបានផ្លាស់ប្តូរ​ច្បាប់​កំណត់ សម្រាប់ជនបរទេស​ចូលមកប្រទេសរបស់ខ្លួនក្រោយពីមានករណីឆ្លងកូវីដ​-១៩ចំនួន២នាក់ថ្មី​។ សារព័ត៌មាន​ AP ​បានផ្សាយថា នៅថ្ងៃទី​១៤ខែកក្កដា រដ្ឋាភិបាលថៃ បានសម្រេច​ថា ករណីចូលប្រទេសថៃ​ដោយមូលហេតុកិច្ចការបរទេស គឺត្រូវនៅដាច់ដោយឡែក​១៤ថ្ងៃ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់។
រដ្ឋាភិបាលថៃ លើកលែងការដាក់ឲ្យនៅដាច់ដោយឡែកចំពោះ​បុគ្គល​៣ប្រភេទដែលចូលមកប្រទេសថៃ ក្នុងនោះមានភ្ញៀវដែលរដ្ឋាភិបាលថៃ អញ្ជើញ​ចូលរួមក្នុងពិធីផ្សេងៗ ដែលមានមន្ត្រីការបរទេស ឬតំណាង អង្គការអន្តរជាតិ។ ​ អ្នកជំនួញ​ អ្នកវិនិយោគ និងអ្នកដែលចូលមកបំពេញភារកិច្ចចាំបាច់ដែលរដ្ឋាភិបាលថៃអនុញ្ញាត។
សកម្មភាពខាងលើកើតឡើងក្រោយពេលថៃរកឃើញករណីឆ្លងថ្មីពីរនាក់ ដោយមានប្រវត្តិធ្វើដំណើរ​យ៉ាងស្មុគស្មាញ​នៅក្នុងសហគមន៍ ​ពិបាកនៅក្នុងការគ្រប់គ្រង​ថាតើអ្នកទាំងពីរបានជួបខាងណាខ្លះនោះឡើយ។
ករណីទីមួយ គឺជាយោធាជនជាតិអេហ្ស៊ីប​បានចូលដល់ទឹកដីថៃនៅថ្ងៃទី ៨ខែកក្កដា​ ហើយបានយកកំហាកទៅធ្វើតេស្តនៅថ្ងៃទី​១០ខែកក្កដា ក្នុងខេត្ត Rayong នៅថ្ងៃទី​១២ ខែកក្កដាឃើញមានលទ្ធផលវិជ្ជមានចំពោះកូវីដ​-១៩។ បុគ្គលខាងលើបានចេញពីសណ្ឋាគារធ្វើដំណើរទៅផ្សារ ​និងទីតាំងផ្សេងៗជាច្រើនទៀត។​
ករណីទីពីរ គឺកុមារីអាយុ​៩ឆ្នាំ ជាសមាជិកក្នុងគ្រួសារមន្ត្រីការបរទេស​​ មកពី​ស៊ូដង់ ហើយចូលមកក្នុងប្រទេសថៃ ដោយមិនបង្ខំឲ្យនៅដាច់ដោយឡែកឡើយ គឺត្រូវនៅដាច់ដោយឡែកកន្លែងខ្លួនស្នាក់នៅ​ ក្នុងទីក្រុងបាងកក។ នៅថ្ងៃទី​១១ខែកក្កដា ក៏បានរកឃើញវិជ្ជមានកូវីដ​-១៩​ដែរ។
រយៈពេល​៧សប្តាហ៍កន្លងមក នៅក្នុងសហគមន៍ថៃ រកមិនឃើញមានករណីឆ្លងកូវីដ​-១៩នោះឡើយ លើកលែងតែអ្នកចូលមកពីក្រៅតែប៉ុណ្ណោះ ៕ដោយ៖ធី រីណា

 


ចែករំលែក៖