អន្តរជាតិ៖ នៅថ្ងៃទី១៤ខែកក្កដាក្រសួងយុត្តិធម៌អុីរ៉ង់បានប្រកាសថាពលរដ្ឋប្រទេសនេះដែលបានធ្វើចារកិច្ចឲ្យក្រុមCIA អាមេរិក នឹងត្រូវប្រហារជីវិត។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៤ខែកក្កដា បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក Gholamhossein Esmaili បានឲ្យដឹងថា ពលរដ្ឋអុីរ៉ង់ឈ្មោះReza Asgari ដែលជាអតីតបុគ្គលិកក្រសួងការពារជាតិ ត្រូវបានកាត់ទោសពីបទលក់ព័ត៌មានស្តីពីកម្មវិធីកាំជ្រួចមីស៊ីលរបស់អុីរ៉ង់ ឲ្យ CIA ហើយត្រូវបានកាត់ទោសប្រហារជីវិតកាលពីសប្តាហ៍កន្លងមក។
កាលពីខែមិថុនា អុីរ៉ង់ បានកាត់ទោសប្រហារជីវិតពលរដ្ឋឈ្មោះMahmoud Mousavi Maj ដែលបានផ្តល់ព័ត៌មាន ដល់ ក្រុមCIA និងអុីស្រាអែលពាក់ព័ន្ធការធ្វើឃាតមេទ័ព Soleimani មេបញ្ជាការកងទ័ព ជនជាតិQuds ។ លោកឈ្មោះMahmoud Mousavi Maj ជាអ្នកផ្តល់ព័ត៌មានពីការធ្វើដំណើររបស់មេទ័ពSoleimani ទើបធ្វើឲ្យអាមេរិក វាយប្រហារបានចំគោលដៅយ៉ាងល្អបំផុត។
នៅពេលនេះរដ្ឋាភិបាលទីក្រុងតេអុីរ៉ង់កំពុងតែខិតខំស្វែងរកចាប់ខ្លួនអ្នកដែល ធ្វើចារកិច្ចឲ្យភ្នាក់ងារចារកិច្ច CIA របស់អាមេរិក និង Mossad របស់អុីស្រាអែល។
អុីរ៉ង់បានប្រកាសថា បានចាប់ខ្លួន មនុស្ស ១៧នាក់ ពាក់ព័ន្ធ និងសកម្មភាពខាងលើ ហើយក្នុងចំណោម១៧នាក់នឹងមានជាច្រើននាក់ត្រូវប្រហារជីវិត៕
ដោយ៖ធី រីណា