ខេត្តកណ្ដាល៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្មកររោងចក្រ ថៃ យ៉ា ហ្គាមេន អុិនដាសស្ទ្រី ខូអិលធីឌី ប្រមាណជា១០០០នាក់ បានធ្វើការដង្ហែក្បួនចេញពីរោងចក្រ ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីទាមទារនូវប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍នានា តាមការសន្យា បន្ទាប់ពីរោងចក្រត្រូវបានបិទទ្វារកាលពីដើមខែកក្កដានេះ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារខេត្ត ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន បានចុះសម្រុះសម្រួលជាមួយបងប្អូនកម្មករ កម្មការិនីរោងចក្រនិងក្រុមហ៊ុន នៅសាលាស្រុកពញាឮ។
ក្នុងជំនួបនេះតំណាងកម្មកររោងចក្របានលើកឡើងនូវសំណូមពរចំនួន៤ គឺ៖
១-ប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើក។
២-ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។
៣-ប្រាក់បំណាច់រំលឹកអតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារ។
៤-ក្រុមហ៊ុនផ្ដល់ប្រាក់សម្រាប់ជប់លៀង លាគ្នាចំនួន៣៥% នៃប្រាក់ខែ១៩០ដុល្លារ។
បន្ទាប់ពីជួបពិភាក្សាគ្នារវាងក្រុមហ៊ុន និឹងកម្មករ ដោយមានការសម្របសម្រួលពីលោកអភិបាលខេត្ត ក៏បានឯកភាពគ្នានូវចំណុចចំនួន៥៖
១-ភាគីក្រុមហ៊ុននឹងបើកប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើកជូនដល់កម្មករ និយោជិតទាំងអស់។
២-ភាគីក្រុមហ៊ុននឹងបើកប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។
៣-ភាគីក្រុមហ៊ុននឹងបើកប្រាក់បំណាច់រំលឹកអតីភាពការងារ និងប្រាក់បំណាច់អតីភាពការងារឆ្នាំ២០២០។
៤-ភាគីក្រុមហ៊ុននឹងផ្តល់ប្រាក់សម្រាប់ជប់លៀង លាគ្នាចំនួន៣៥%នៃប្រាក់ខែគោល តាមការសន្យាជាមួយកម្មករ និយោជិតកន្លងមក។
៥-ក្រុមហ៊ុននឹងបិទផ្សាយបញ្ជីបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ និងបើកផ្តល់ជូនកម្មករនិយោជិតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ៕ ឆ ដា