ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា ស្វាគមន៍គម្រោងអនុវត្តធ្វើឲ្យប្រសើរឡើងនូវការទទួលបានសេវាកម្មប្រកបដោយគុណភាពនិងបរិយាបន្នសម្រាប់ទាំងអស់គ្នារួមទាំងស្ត្រីនិងជនមានពិការភាព!

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជពិការ លោក ឯម ច័ន្ទមករា បានស្វាគមន៍ដើម្បីធ្វើកិច្ចសហការណ៍ជាមួយ អង្គការជនពិការអន្តរជាតិប្រចាំនៅកម្ពុជាដើម្បីរួមគ្នាអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនូវការទទួលបានសេវាកម្មប្រកបដោយគុណភាពនិងបរិយាបន្នសម្រាប់ទាំងអស់គ្នារួមទាំងស្ត្រីនិងជនមានពិការភាព ក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធី Access។

លោក ឯម ច័ន្ទមករា បានទទួលស្វាគមន៍លើគម្រោងនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកស្រី អេឌីធ វីញង៉ាឌិន ( Edith van Wijngaarden) ប្រធានគ្រប់គ្រងប្រចាំប្រទេស អង្គការជនពិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក នៅភោជនីយដ្ឋានឌឹដ្រាម។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឱ្យអង្គការជនពិការអន្តរជាតិពិនិត្យលទ្ធភាពបង្កើត App សម្រាប់ផ្តល់ព័ត៌មានសេវាកម្មសម្រាប់ជនមានពិការភាពអាចងាយស្រួលទទួលបានការផ្តល់សេវា។ ការបង្កើត App នេះនឹងជួយឱ្យជនមានពិការភាពងាយស្រួយស្វែងរកកន្លែងដែលផ្តល់សេវាដល់ពួកគាត់ ក៏ដូចជាព័ត៌មានថ្មីៗសម្រាប់ជនមានពិការភាព។

លោកស្រី អេឌីធ វីញង៉ាឌិន ( Edith van Wijngaarden) ប្រធានគ្រប់គ្រងប្រចាំប្រទេស អង្គការជនពិការអន្តរជាតិ បានសម្តែងក្តីរីករាយចំពោះកិច្ចសហការណ៍ដែលនឹងត្រូវអនុវត្តជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនាពេលខាងមុខ ដើម្បីជាការរួមចំណែកសម្រេចឱ្យខានតែបាននូវការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣។

គួរបញ្ជាក់ផងដែលថាកន្លងមក អង្គការជនពិការអន្តរជាតិ បានចូលរួមសហការជាមួយនឹងក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការកសាងបទដ្ឋានបច្ចេកទេសដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលមក តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងដែនដី នរគរូបនីយ៍កម្ម និងសំណង់ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕ដោយ៖សិលា


ចែករំលែក៖