ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចំនួន៣១គ្រួសារទាមទារអោយអាជ្ញាធរខេត្តផ្តល់ប័ណ្ណក្រីក្រជូនពួកគាត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋចំនួន៣១គ្រួសារមកពីសង្កាត់ភ្នៀតនិងឃុំសំបួរបានឡើងមកសាលាខេត្តបន្ទាយមានជ័យដើម្បីសុំឲ្យអាជ្ញាធរផ្តល់ប័ណ្ណក្រីក្រជូនពួកគាត់ខណៈពួកគាត់អ្នកក្រពិតអត់មានបណ្ណ័ឯអ្នកមានកំរិតមធ្យមមានបណ្ណ័ក្រីក្រ។

ការស្នើសុំនេះធ្វើឡើងនៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត។

      លោក លី សារី អភិបាលរងខេត្តបានមានប្រសាសន៍ថាក្នុងនាមលោកជាអភិបាលរងខេត្តគាត់ទទួលស្គាល់ថាប្រជាពលរដ្ឋទាំង៣១គ្រួសារនេះមិនដឹងថាជាគ្រួសារក្រីក្រពិតប្រាកដឬយ៉ាងណានោះទេ។

លោកបានបន្តថាតែប្រជាពលរដ្ឋទាំង៣១គ្រួសារនេះក៏មិនត្រូវឡើងមកខេត្តសុំប័ណ្ណក្រីក្រពីខេត្តនោះដែរព្រោះសំអាងថា មេភូមិ មេ ឃុំ ចៅសង្កាត់ជាភ្នែកច្រមុះរបស់ខេត្តធ្វើអ្វីមួយពិតជាសុក្រិតត្រឹមត្រូវណាស់។លោកបានបន្តថាប្រជាពលរដ្ឋទាំង៣១គ្រួសារនេះគាត់និងទទួលយកទាំងអស់តែអំណោយចែកជូនតាមរយះសាខាកាកបាទក្រហមកម្ពុជាខេត្តវិញ តែអារឿងសុំប័ណ្ណក្រីក្រនោះទុកឲ្យប្រធានមន្ទីរផែនការចុះធ្វើអត្តសញ្ញាណកម្មឲ្យបានពិតប្រាកដសិន។

គួរបញ្ជាក់ផងដែរថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានប្រកាសដាក់ឲ្យប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាព ក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺធ្វើការងារធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ។ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាព ក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សម្តេចបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុក ដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួល បាននូវប្រាក់ឧបត្ថម្ភនេះ។

ចំណែកលោកស្រី ព្រំសុីណាត ប្រធានមន្ទីរផែនការខេត្តបាននិយាយថានៅថ្ងៃទី២១ ខែកក្កដាស្អែកនេះ លោកស្រីនិងចុះធ្វើអត្តសញ្ញាណកម្មដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារហើយ ខណៈដែលបានអះអាងថាជាគ្រួសារក្រីក្រពិតប្រាកដ។

      សូមបញ្ជាក់ផងដែរថាលក្ខខណ្ឌដែលទទួលបានប័ណ្ណក្រីក្រពិតនោះគឺប្រជាពលរដ្ឋ រស់នៅឯកកោគ្មានកូនទីពឹង គ្មានផ្ទះសម្បែងពិត មានជីវភាពតោកយ៉ាក ទើបជាប់ជាជនក្រីក្រពិតប្រាកដអាចទទួលបានប័ណ្ណក្រីក្រនេះបាន៕ដោយ៖វណ្ណា


ចែករំលែក៖