ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តប៉ៃលិនបានឧបត្ថម្ភគ្រែអ្នកជម្ងឺ ចំនួន ១៥ ដល់មន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោកស្រី ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ បានប្រគល់គ្រែអ្នកជម្ងឺ ចំនួន ១៥ និងភេសជ្ជ ចំនួន ២០កេស ព្រមទាំងថវិកា ចំនួន ២លានរៀល ដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីបំពេញនូវសេចក្តីត្រូវការ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ ព្រមទាំងបានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទូទាំងខេត្តប៉ៃលិន ត្រូវសហការជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាចូលរួមលើកកម្ពស់អនាម័យ ដើម្បីអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងនានា ជាពិសេសជំងឺឆ្លងកូវីដ-១៩។

លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យបានច្បាស់លាស់  តាមមុខជំនាញរៀងៗខ្លួន ដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខុមាលភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៍គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យជាមួយអ្នកជំងឺ ទើបមានការគាំទ្រ និងកោតសរសើពីប្រជាពលរដ្ឋមកវិញ។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានមានប្រសាសន៍កោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

បើតាមរបាយការណ៍របស់ លោកវិជ្ជបណ្ឌិត កឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរពេទ្យបង្អែកខេត្ត មានអ្នកជំងឺ  កំពុងសម្រាកព្យាបាលជម្ងឺ ក្នុងនោះផ្នែកសម្ភពចំនួន ១៤នាក់ ផ្នែកសង្គ្រោះបន្ទាន់ចំនួន ០៥នាក់ ផ្នែកវះកាត់ចំនួន១១នាក់និងផ្នែកកុមារចំនួន ១១នាក់ ៕ដោយ៖ស សារ៉េត


ចែករំលែក៖