ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីអ្នកនិពន្ធល្បីឈ្មោះ លោក យឹម តាស្រង់ បានទម្លាយចេញនូវតម្លៃខ្លួនថតផ្សព្វផ្សាយសម្អាងការរបស់តារាចម្រៀង ខេម និងកញ្ញាតន់ ចន្ទសីម៉ាមានតម្លៃរហូតដល់២ម៉ឺនដុល្លារអាមេរិក។ ការបញ្ជាក់តម្លៃនេះបានទទួលរងការរិះគន់ច្រើនពីអ្នកគាំទ្រ ពិសេសបណ្តាអ្នកប្រឡូកក្នុងវិស័យសម្អាងការ និងតុបតែងខ្លួន។
ទើបនឹងសាងភាពភ្ញាក់ផ្អើលជាថ្មីបន្តបន្ទាប់ ក្រោយការបញ្ចេញបទចម្រៀងរួមគ្នាជាច្រើនបទនោះ តន់ ចន្ទសីម៉ា និងលោក ខេមបានបង្ហាញមុខដោយកម្រក្នុងការថតផ្សព្វផ្សាយឈុតសម្អាងការមួយនៅរាជធានីភ្នំពេញ។ រឹតតែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ ក្រោយដឹងតម្លៃ ដែល តារាចម្រៀង តន់ ចន្ទសីម៉ា ថតឲ្យសំអាងការនេះ ក្នុង១ថ្ងៃ ទទួលបានដល់ទៅ ២ម៉ឺនដុល្លារអាមេរិក។នេះបើតាមការបញ្ជាក់របស់អ្នកនិពន្ធ លោក យឹម តាស្រង់ បានលើកឡើង។ លោកបញ្ជាក់ថា “តារាស្រីល្បីគ្រាន់តែថត រូបសំអាងការ១ថ្ងៃបាន $20000 បានមកចែកលោកអ្នកនិពន្ធ %20 នេះហើយ បានម្នាក់ៗគេចង់ល្បីណាស់ អត់ត្រូវថ្លៃច្រៀង ឬថតឲ្យនៅដេកផ្ទះញ៉ាំបាយ ហូបបន្លែ ត្រីសាច់ ផ្សារ ឡេង ណាវ៉ាត្រា ផ្គត់ផ្គង់ឲ្យ”។ មានអ្នកបានឃើញសារជាច្រើនបានបង្ហាញប្រតិកម្មដោយការរិះគន់ថាជាតម្លៃខ្លួននៃការថតផ្សព្វផ្សាយមួយពិបាកនឹងជឿថាមានតម្លៃថ្លៃបែបនេះ។ អ្នកប្រឡូកក្នុងអាជីពសម្អាងការបានលើកឡើងថាសម្រាប់តារាសម្តែងពិធីការិនី តារាចម្រៀងស្រីល្បីឈ្មោះដែលថតឲ្យសម្អាងការលំដាប់ជួរមុខនៅភ្នំពេញថតមួយថ្ងៃមិនដល់៥ពាន់ដុល្លារអាមេរិកផង។ ប្រភពថាអាចនឹងមានការបំប៉ោងចំនួនទឹកប្រាក់ខុសពីការពិត។
មានការលើកឡើងដែរថា តារាសម្តែងស្រីដែលត្រូវបានសម្អាងការនិយមអញ្ជើញឲ្យថតផ្សព្វផ្សាយមាន កញ្ញា ម៉ៃយ៉ា កញ្ញា មាន សូនីតា អ្នកនាងគង់ ចាន់ស្រីមុំ អ្នកនាង សុគន្ធនីសាជាដើម គឺតម្លៃតិចជាងនេះច្រើន ដែលសូម្បីតារាចម្រៀងស្រីលំដាប់ជួរមុខអ្នកនាងមាស សុខសោភា ក៏មិនមានតម្លៃខ្លួននៃការថតដល់ថ្នាក់នេះនោះដែរ៕ដោយ៖វឌ្ឍនា