ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានសតិមិនល្អអង្គុយផឹកតាមចិញ្ចេីមផ្លូវ ខណៈរថយន្តបេីកឆ្លងកាត់ក្រោកឈរដួលចូលក្រោមរថយន្តកិនស្លាប់គួរឱ្យរន្ធត់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបេីកបរសុខៗស្រាប់តែបុរសម្នាក់ដែលកំពុងអង្គុយផឹកស្រាបៀរងេីបឈរឡើងហេីយបានដួលចូលក្រោមកង់រថយន្តកិនស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ច្រកចូលសាលារៀនសុវណ្ណភូមិ កែងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភ្លាមៗនោះរថយន្តបានបើកបន្តទៅមុខទៀតរហូតទៅដល់ជិតផ្លូវជាតិលេខ៣ទើបកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី៣ឃាត់បានទាំងអ្នកបើកបរ។

សពបុរសខាងលើគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែបើតាមអ្នកភូមិនៅទីនោះបានឱ្យដឹងថា កន្លងមកគេតែងតែឃើញជនរងគ្រោះនៅម្តុំនោះជាប្រចាំ និងនិយមចូលចិត្តផឹកស្រា និងសុំលុយអ្នកបើកឡានកាត់ទីនោះ។

ចំណែកតៃកុងរថយន្តវិញឈ្មោះហានសុភ័ណ្ណ​  ភេទប្រុស អាយុ៣៧​ឆ្នាំ​ មុខរបរបេីកបរ​ ស្នាក់នៅសង្កាត់​ឪឡោក​ ខណ្ឌកំបូល​  បេីករថយន្តរបស់ក្រុមហ៊ុន​ ហុងឡេងហួរ។ 

បើតាមបុរសម្នាក់ជាប្រជាការពារភូមិខាងលើដែលគាត់កំពុងឈរសម្រួលចរាចរណ៍នៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសរងគ្រោះអង្គុយផឹកស្រាបៀរ២កំប៉ុង និងក្លែមម្ជូរម្កាក់ ហើយនៅពេលនោះជនរងគ្រោះបាន ក្រោកឈរ ស្រាប់តែដួលចូលក្រោមរថយន្តកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-8201 បើកមកដល់កិនស្លាប់តែម្តង ប៉ុន្តែរថយន្តមិនបានឈប់នោះទេ បានបើកបន្តទៅមុខជាង១គីឡូម៉ែត្រទើបត្រូវកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី៣ឃាត់បានទាំងអ្នកបើកបរយកមកប៉ុស្តិ៍ទុកប្រគល់ឱ្យផ្នែកជំនាញ។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី១បានជួយសម្រួលចរាចរណ៍កន្លែងកើតហេតុ និងរាយការណ៍ទៅជំនាញខណ្ឌ សហការជាមួយជំនាញចរាចរណ៍ក្រុង ចុះវាស់វែងធ្វើកំណត់ហេតុ រៀបចំឯកសារតាមនីតិវិធី។ ចំណែករថយន្តនិងអ្នកបើកបរត្រូវបានបញ្ចូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយ៕ដោយ៖ សុខាសែនជ័យ​


ចែករំលែក៖