ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយុវជននិស្សិត​ថៃ៖ ​បន្តប្រមូលផ្ដុំ​គ្នា​នៅ​ជាយក្រុង​បាងកក ដើម្បី​តវ៉ា​ទាមទារឲ្យលោក ប្រា​យុទ្ធ ចន្ទ​អូ​ចា លាលែងតំណែង និង​រំលាយ​សភា​ចោល

ចែករំលែក៖

អន្តរជាតិ៖ នៅយប់ថ្ងៃទី២៣ ខែកក្កដាម្សិលមុិញនេះ ក្រុមយុវជននិស្សិតប្រទេសថៃរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅជាយក្រុងបាងកក ដើម្បីនាំគ្នាធ្វើតវ៉ាទាមទារឲ្យរដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចន្ទអូចា លាលែង និងរំលាយសភាចោល  ការធ្វើបាតុកម្មបែបនេះ បើទោះជារងការព្រមានពីអាជ្ញាធរថា ការធ្វើបាតុកម្មនេះខុសច្បាប់ព្រោះល្មើសបម្រាម COVID-19 ក្ដី គេមិនឃើញមានវត្តមានប៉ូលិសនៅក្បែរនោះឡើយ មិនតែប៉ុណ្ណោះបណ្ដាញនិស្សិតថៃមួយក្រុម ហៅខ្លួនឯង «​យុវជនសេរី(Free Youth)»

ក្នុងបាតុកម្មនេះ ក្រុមយុវជនថៃ បានធ្វើសកម្មភាពខុសៗគ្នា ដើម្បីតំណាងឲ្យការមិនពេញចិត្តចំពោះរដ្ឋាភិបាល អ្នកខ្លះ លើក Ipad ដែលមានសរសេរសាររិះគន់ ការទាមទារខ្លួនឡើងលើ ហើយអ្នកខ្លះ លើកទូរស័ព្ទបើកពិលគ្រវីទៅមក ចំណែក អ្នកខ្លះ លើកម្រាមដៃឡើងលើ ដែលជាសញ្ញានៃការធ្វើបាតុកម្ម

និស្សិតម្នាក់ក្នុងចំណោមបាតុករឈ្មោះ Thanachai Aurlucha អាយុ ២៥ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «​យើងមកទីនេះដើម្បីទាមទារឲ្យបង្កើតរដ្ឋធម្មនុញ្ញថ្មី ព្រោះរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ពុំគាំទ្រសេរីភាពនិងសិទ្ធិរបស់យើងឡើយ វាបន្តមកពីការធ្វើរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤»​ ចំណែកនិស្សិតស្រីថៃម្នាក់ទៀត ឈ្មោះថា Fufu អាយុ ២២ ឆ្នាំ និយាយថារដ្ឋាភិបាលទទួលបរាជ័យក្នុងការជំរុញសេដ្ឋកិច្ចនាងបន្តថា«​យើងជិតបញ្ចប់ការសិក្សាហើយ តែយើងអត់ដឹងថា យើងនឹងធ្វើការអ្វីដើម្បីចិញ្ចឹមជីវិតយើងឡើយ ប្រសិនបើខ្ញុំមិនចេញធ្វើបាតុកម្មថ្ងៃនេះទេ អនាគតខ្ញុំមិនដឹងនៅទីណានោះទេ​»​

បាតុករម្នាក់ទៀត ហៅខ្លួនឯងថា Ron អាយុ ៣៩ឆ្នាំ បានអះអាងដូច្នេះថា«​ខ្ញុំចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងប្រទេសថៃ​»​ បើតាមReuters អ្នកទាំងពីរនេះ បដិសេធប្រើឈ្មោះពិតប្រាកដ

បាតុកម្មបែបនេះ មិនកើតឡើងតែក្នុងទីក្រុង បាងកក ប៉ុណ្ណោះទេ វាក៏បានផ្ទុះឡើងផងដែរក្នុងខេត្តថៃចំនួនផ្សេងទៀត ដូចជា Ayutthaya, Khon Kaen, Sakon Nakhon និង Pattani ទន្ទឹមនេះ ពួកគេក៏មានផែនការប្រមូលគ្នាទៅតវ៉ានៅបាងកកនាចុងសប្តាហ៍នេះទៀត

បើតាមការពិត បាតុកម្មទាំងនេះ កើតឡើងក្រោយផ្ទុះបាតុកម្មមួយក្នុងទីក្រុងបាងកក កាលពីចុងសប្តាហ៍មុន ដោយមានមនុស្សចូលរួម ២៥០០នាក់ហើយនេះគឺជាការចេញតវ៉ាតាមដងផ្លូវធំបំផុតមួយ ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០១៤មក ដែលទម្លាក់រដ្ឋាភិបាលស្របច្បាប់ថៃ

នៅបាតុកម្មនេះ ក្រុមអ្នកតវ៉ា ភាគច្រើនជា យុវជន បានទាមទារឲ្យរដ្ឋាភិបាលលោក ប្រាយុទ្ធ រំលាយសភាចោល និងបញ្ឈប់ការបៀតបៀនលើអ្នករិះគន់ ចំណែក អ្នកខ្លះ លើកម្រាមដៃ៣ឡើងលើ ដែលជាសញ្ញានៃការធ្វើបាតុកម្ម(Reuters)

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាល លោក ប្រាយុទ្ធ ចន្ទអូចា ត្រូវបានមើលឃើញ កំពុងរង្គោះរង្គើខ្លាំង ដ្បិតសមាជិកគណៈរដ្ឋមន្ត្រីលោកបានលាលែងពីតំណែងជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី២១ ខែកក្កដា រដ្ឋមន្ត្រីសរុបនាក់ហើយបានដើរចេញ ដោយការចាកចេញរបស់មាជិរដ្ឋាភិបាលថៃនេះដែរ កើតឡើងស្របពេលដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះប្រឈមបញ្ហាសេដ្ឋកិច្ចដោយបង្កឡើងដោយសារជំងឺរាតត្បាតសកលCOVID-19

ដោយឡែកទាក់ទិនបញ្ហានេះដែរ ធនាគារកណ្ដាលប្រទេសថៃ ក៏បានអះអាងថា កំណើនសេដ្ឋកិច្ចថៃ អាចធ្លាក់ចុះ , ភាគរយក្នុងឆ្នាំនេះ ៕ដោយ៖សតារា


ចែករំលែក៖