ព័ត៌មានទាន់ហេតុការណ៍៖

វេណេហ្ស៊ុយអេឡាត្រៀម បណ្តឹងឧទ្ធរណ៍ទាមទារអង់គ្លេសសងមាសវិញ

ចែករំលែក៖

អន្តរជាតិ៖ មាសមានតម្លៃជាង​១ពាន់លានដុល្លារ ​របស់វេណេហ្ស៊ុយអេឡា ផ្ញើនៅធនាគារអង់គ្លេស មិនត្រូវបានប្រគល់សងរដ្ឋាភិបាល របស់លោក Maduro នោះឡើយ។ ទាំងនោះហើយ​បានជា​វេណេហ្ស៊ុយអេឡា​ត្រៀមបណ្តឹងឧទ្ធរណ៍នៅសប្តាហ៍ក្រោយ។
ធនាគារជាតិវេណេហ្ស៊ុយអេឡា ​(BCV) បានប្រកាសថា នឹងបន្តតវ៉ា តុលាការទីក្រុងឡុង​ដុង ដែលមិនព្រមសងមាសដល់វេណេហ្ស៊ុយអេឡា​វិញ។ តុលាការអង់គ្លេស​បាន​សម្រេចផ្តល់សិទ្ធ ដល់លោកJuan Guaido មេបក្សប្រឆាំង វេណេហ្ស៊ុយអេឡា ដែលជាប្រធានរដ្ឋសភា ទើបមានសិទ្ធក្នុងការដកហូតមាសទាំងនោះ​។ លោក​Juan Guaido គឺជាបុគ្គលដែល អង់គ្លេសទទួលស្គាល់ថាជាប្រធានាធិបតីបណ្តោះអាសន្ន​ក្នុងប្រទេសវេណេហ្ស៊ុយអេឡា​។
តុលាការអង់គ្លេស បានសម្រេច តាំងពីថ្ងៃទី​២ ខែកក្កដា មកម៉្លេះ​ពីការផ្តល់សិទ្ធិដល់មេបក្សប្រឆាំង​ ពីការដកហូតមាសទាំងអស់ដែលផ្ញើនៅអង់គ្លេស។ ប៉ុន្តែរហូតមកដល់ពេលនេះទើបធនាគារជាតិវេណេហ្ស៊ុយអេឡា​ត្រៀមបណ្តឹងតវ៉ា នៅសប្តាហ៍ក្រោយ។
កាលពីថ្ងៃទី​២ ខែកក្កដា ចៅក្រមតុលាការ កំពូលអង់គ្លេស លោក Nigel Teare ​បានបដិសេធប្រគល់មាស មានតម្លៃ​១ពាន់លានដុល្លារឲ្យទៅប្រធានាធិបតីម៉ាឌូរ៉ូ​ ដោយមូលហេតុ អង់គ្លេសមិនទទួលស្គាល់លោក ម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា​។
ធនាគារជាតិអង់គ្លេសបានរក្សាមាសរបស់វេណេហ្ស៊ុយអេឡាមានតម្លៃដល់ទៅ​ជាង​១,៨ពាន់លានដុល្លារ​ ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូបានស្នើឲ្យប្រគល់ពាក់កណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ៕ដោយ៖ធី រីណា


ចែករំលែក៖