ខេត្តស្វាយរៀង៖ ស្ត្រីជាកម្មការិនីម្នាក់ត្រូវបានមិត្តភក្តិរួមការងារប្រទះឃើញដេកស្លាប់ក្នុងរោងចក្របង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសន្តិសុខនិងនគរបាលជំនាញមកពិនិត្យសពភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ស្ថិតនៅរោងចក្រ គ្រីស្តាល់ប្រាយអេឡិចទ្រិកឯ.ក ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាតធេន ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះស្រី ថេង អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិបារ៉ាយ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ក្រោយពីទទួលបានព័ត៏មានភ្លាមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុដេីម្បីធ្វើការពិនិត្យលេីខ្លួនសាកសព។ក្រោយពីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យពិនិត្យសពប្រមាណជាមួយម៉ោងមកទើបសន្និដ្ឋានថា សពមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេគឺស្លាប់ដោយសារតែមានជំងឺប្រចាំកាយ(ជំងឺច្រើនមុខ)ព្យាបាលមិនជាប្រាកដមែន។
បើតាមកម្មការិនីដែលរួមការងារបានឱ្យដឹងថា មុនកើតហេតុស្ត្រីខាងលើបានចូលធ្វើការដូចសព្វមួយដង ខណៈម្នាក់ៗមិនបានចាប់អារម្មណ៍អ្វីនោះទេស្រាប់តែវេលាកើតហេតុទើបប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។
សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕យឹម សុថាន