អន្តរជាតិ៖ សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ បានចេញផ្សាយកាលពីថ្មីៗនេះថា ស្រ្តីជនជាតិថៃម្នាក់ ដែលជាប្រពន្ធរបស់មេក្លោងចែកចាយគ្រឿងញៀនដ៏ធំម្នាក់ នៅក្នុងទីក្រុងហាត់យ៉ៃភាគខាងត្បូង ត្រូវបានប៉ូលិសថៃចូលទៅឃាត់ខ្លួនដល់ក្នុងផ្ទះនិងរឹបអូសបានឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀននិងគ្រឿងញៀនជាច្រើនដែលនាងរក្សាទុកសម្រាប់ចែកចាយបន្តផងដែរ ។
សារព័ត៌មានបាងកកប៉ុស្តិ៍ បាននិយាយា ស្រ្តីដែលត្រូវប៉ូលិសឃាត់ខ្លួននោះមានឈ្មោះថា Kittima Ronnakan មានអាយុ ២២ ឆ្នាំ។ បើតាមការពិតទៅគោលដៅដែលប៉ូលិសតាមចាប់ខ្លួននោះមិនមែនជាស្រ្តីរូបនេះឡើយ តែជាប្តីរបស់នាងមានឈ្មោះថា Sompop Chaimit និងមានអាយុ ៤៩ ឆ្នាំហើយរូបគាត់គឺជាមេក្លោងចែកចាយគ្រឿងញៀនធំតែម្តង ។
ប៉ូលិសជំនាញថៃ បានឲ្យដឹងថា លោក Sompop Chaimit បានរត់គេចខ្លួនចេញពីផ្ទះមុនពេលប៉ូលិសទៅដល់បន្តិច ដោយគាត់បានទុកឲ្យប្រពន្ធនៅក្នុងផ្ទះតែម្នាក់ឯងព្រោះគាត់ដឹងថា ប្រសិនបើរត់គេចខ្លួនទាំងពីរនាក់ប្តីប្រពន្ធគឺរត់មិនរួចពីដៃប៉ូលិសឡើយ។ ភ្លាមៗក្រោយការឃាត់ខ្លួនអ្នកស្រីKittima Ronnakan ប៉ូលិសបានរកឃើញគ្រឿងញៀនប្រភេទមេតាគ្រីស្ដាល់មួយកញ្ចប់ទម្ងន់ ២៨ ក្រាមលាក់នៅក្រោមតុញ៉ាំអាហារ និងគ្រឿងញៀនមេតាហ្វីតាមីនចំនួន ១០ ០០៤ គ្រាប់លាក់ទុកនៅក្រោមខ្នើយ ហើយបន្ទាប់ពីសាកសួរជនសង្ស័យប៉ូលិសឈានទៅរកឃើញញៀនមេតាហ្វីតាមីនចំនួន ១០ ០០០ គ្រាប់បន្ថែមទៀត ដែលប្តីជនសង្ស័យទើបនឹងទិញយកមកនិងបានលាក់ទុកនៅក្នុងបំពង់ស៊ីម៉ងត៍ក្រៅផ្ទះសម្រាប់ចែកចាយបន្ត។
បច្ចុប្បន្នប៉ូលិសកំពុងតាមចាប់ខ្លួនលោក Sompop Chaimit ជាបន្តទៀតខណៈអ្នកស្រី Kittima Ronnakan ត្រូវទទួលទោសពីបទកាន់កាប់គ្រឿងញៀនខុសច្បាប់សម្រាប់ចែកចាយបន្ត៕ដោយ៖ស តារា