អន្តរជាតិ៖ ប៉ូលិសហុងកុង បានឃាត់ខ្លួននិសិ្សតចំនួន ០៤នាក់ ជាប់ទាក់ទងនឹងអតីតក្រុមឯករាជ្យមួយ កាលពីថ្ងៃពុធទី២៩ ខែកក្កដា ស្ថិតក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលទើបត្រូវបានអនុម័តកាលពីខែមុន។ ដោយប៉ូលិសហុងកុង បានបញ្ជាក់ថា យុវជន ០៣នាក់ និងយុវតីម្នាក់ដែលមានអាយុចាប់ពី ១៦–២១ឆ្នាំត្រូវបានឃាត់ខ្លួន ពីបទសង័្សយក្នុងការរៀបចំទង្វើញុះញង់ ដែលនាំឲ្យមានការបែងចែកបក្ខពួក។ នេះបើតាមសារព័ត៌មានCNA ដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់ហុងកុង ចេញផ្សាយកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ។
លោក លី ក្វៃវ៉ា (Li Kwai-wah) មន្រ្តីប៉ូលិសមកពី កងអង្គភាពសនិ្តសុខជាតិថ្មីបាននិយាយថា តាមប្រភព និងការស៊ើបអង្កេត មួយចំនួនបានបង្ហាញថា ក្រុមនេះទើបតែបានប្រកាសនៅលើបណ្ដាញសង្គម ដើម្បីបង្កើតអង្គការមួយ ដែលទាមទារឲ្យមានការគាំទ្រ ទៅលើក្រុមទាមទារឯករាជ្យនៅហុងកុង តែត្រូវបានរំសាយដោយប៉ូលិស ក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលអនុម័តដោយទីក្រុងប៉េកាំង។
សូមជម្រាបថា ច្បាប់សន្តិសុខជាតិថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តនៅហុងកុងក្នុងរយៈពេលមួយខែមកហើយនេះ មានគោលដៅទប់ស្កាត់ ការបំបែករដ្ឋ, ការធ្វើវិទ្ធង្សនា, ការធ្វើភេរវកម្ម និងការឃុបខិតជាមួយកម្លាំងបរទេស ដើម្បីបង្កចលាចលផ្ទៃក្នុងហុងកុង។ លោក Li Kwai-wah បានបន្ថែមទៀតថាទូរស័ព្ទ និងឯកសារដែលជាប់ទាក់ទង ត្រូវបានរឹបអូសដោយក្រុមមន្រី្តប៉ូលិសហើយអ្នកដែលត្រូវបានចាប់ខ្លួន ទាំងអស់គឺជានិស្សិត។
បើតាមសម្តីអតីតសមាជិក នៃក្រុមដែលធ្លាប់តស៊ូគាំទ្រ ឯករាជ្យភាពហុងកុងបានអះអាងថា អតីតមេដឹកនាំរបស់ខ្លួនគឺ ថូនី ជុង (Tony Chung) អាយុ១៩ឆ្នាំ ក៏ស្ថិតក្នុងចំណោមនិស្សិត ដែលត្រូវបានចាប់ខ្លួននោះដែរ៕ដោយ៖ស តារា