វៀតណាម៖គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ នៅថ្ងៃទី ៣០ ខែកក្កដា បានប្រកាសឲ្យបិទក្លិបរាត្រី បារ …ដែលជាសកម្មភាពមិនចាំបាច់ ។ ជាមួយគ្នានេះក៏បានស្នើឲ្យកាត់បន្ថយការប្រមូលផ្តុំគ្នាច្រើន ក្នុងពិធីរៀបការ បុណ្យសពផងដែរ។
លោក ឡេ ថាញ់ លីម(Le Than Liem) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានចុះហត្ថលេខាលើលិខិតបន្ទាន់មួយឲ្យផ្អាករាល់សកម្មភាពដែលប្រមូលផ្តុំគ្នាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ នៅក្នុងលិខិតបន្ទាន់នោះទីក្រុងហ៊ូជីមិញ នឹងផ្អាករាល់សកម្មភាព ដូចជា ពិធីជួបជុំ តាំងពិព័រណ៍ សិក្ខាសាលា…ដែលមិនចាំបាច់ក្នុងពេលនេះ។
ក្លិបកម្សាន្តរាត្រីទាំងអស់ត្រូវផ្អាកនៅវេលាម៉ោង០ ថ្ងៃទី៣០ ខែកក្កដា រហូតដល់មានការប្រកាសជូនដំណឹងជាថ្មី។
ម្ចាស់ក្លិបរាត្រីមួយនៅទីក្រុងហូជីមិញ បានលើកឡើងថា
« សុខភាពជាចម្បង ប្រាក់រកបានតាមក្រោយ ទោះបីប៉ះពាល់ដល់សេដ្ឋកិច្ចក្តី នេះជារឿងដែលត្រូវធ្វើ»។
តាមការប្រកាសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដ១៩ របស់វៀតណាមបានបញ្ជាក់ថា មានករណីឆ្លងថ្មីបន្ថែម៥នាក់នៅខេត្តក្វាងណាម ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩នៅវៀតណាមបានកើនឡើងដល់៤៦៤នាក់។ ក្នុងចំណោមនោះ មានអ្នកឆ្លងចូលមកពីខាងក្រៅ២៧៦នាក់។
ចំនួនអ្នកឆ្លងថ្មីក្នុងសហគមន៍ ចាប់ពីថ្ងៃទី២៥ មកដល់វេលាម៉ោង ៧ថ្ងៃទី៣០ខែកក្កដា មាន៤៨នាក់ ។ គិតចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១៨យប់ថ្ងៃទី ៣០ ខែកក្កដា វៀតណាមមានករណីឆ្លងថ្មី៥នាក់៕ដោយ៖ធី រីណា