អន្តរជាតិ៖ ឥណ្ឌាបានសម្រេចបញ្ជូនកម្លាំងទាហាន បន្ថែម ៣៥ពាន់នាក់ ទៅកាន់ព្រំដែន ដែលមានវិវាទជាមួយចិន ដោយសារតែភាគីទាំងពីរ មិនទាន់ដោះស្រាយវិវាទ ពាក់ព័ន្ធការប៉ះទង្គិចគ្នា បណ្តាលឲ្យទាហានឥណ្ឌា ២០នាក់ស្លាប់។
ការបញ្ជូនទាហាន ៣៥ពាន់នាក់ទៅកាន់តំបន់ព្រំដែន គឺអាចធ្វើឲ្យផ្លាស់ប្តូរទម្រង់ តាមព្រំដែន ប្រទេសទាំងពីរដែលមានប្រវែង ដល់ទៅ ៣៤៨៨ គីឡូម៉ែត្រ។ សារព័ត៌មាន Bloomberg បានដកស្រង់សំដីមន្ត្រីឥណ្ឌា ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការបញ្ជូនទាហានទៅកាន់ព្រំដែនគឺជាអម្រែកដ៏ធ្ងន់បន្ថែមទៀតសម្រាប់ហិរញ្ញវត្ថុ ការពារជាតិរបស់ឥណ្ឌា។
ទាហានឥណ្ឌា ២០នាក់ស្លាប់ ចំណែកទាហានចិនមិនដឹងចំនួន ក្នុងករណីប៉ទង្គិចគ្នា កាលពិថ្ងៃទី ១៥ខែកក្កដា។ តាំងពីពេលនោះមកប្រទេសទាំងពីរ បានបញ្ជូនទាហាន រាប់សិបពាន់នាក់ ទៅកាន់ព្រំដែន ដោយមានទាំង អាវុធទំនើបៗ មានរថក្រោះ រថពាសដែក ជាដើម ។
បច្ចុប្បន្នឥណ្ឌា កំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩ កាន់តែខ្លាំង ហើយរដ្ឋាភិបាលត្រូវចំណាយប្រាក់ជាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ការបញ្ជូនកម្លាំងទាហានទៅកាន់ព្រំដែន នឹងធ្វើឲ្យឥណ្ឌាកាន់តែប្រឈមការលំបាកយ៉ាងខ្លាំងពីហិរញ្ញវត្ថុ ។
មូលនិធិការពារជាតិរបស់ឥណ្ឌា ៦០ ភាគរយសម្រាប់បើកប្រាក់ខែឲ្យទាហានជាង ១,៣លាននាក់ ក្រៅពីនេះគឺទិញដូរអាវុធ ៕
ដោយ៖ធី រីណា