ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តរតនគិរី ប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេត្រៀមបង្ការខ្លួនពីគ្រោះទឹកជំនន់

ចែករំលែក៖

ខេត្តរតនគិរី៖ ដើម្បីធានាបានសុវត្ថិភាពទាំងអាយុជីវិតនិង ទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ អធិការស្រុកកូនមុំ នៃខេត្តរតនគិរី បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេត្រៀមបង្ការខ្លួនពីគ្រោះទឹកជំនន់។

លោក វរសេនីយ៍ឯក ភោគ បូរិន្ទ អធិការនគរបាលស្រុកកូនមុំខេត្តរតនគិរីបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាជារៀងរាល់ឆ្នាំទឹកជំនន់ចាប់ផ្តើមហក់ឡើងខ្លាំងចាប់ពីចន្លោះខែកញ្ញាទៅខែតុលាហើយអាជ្ញាធរស្រុកតែងតែចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេឲ្យចេះវិធីការពារខ្លួនជាមុនដើម្បីជៀសផុសពីហានិភ័យផ្សេងៗដែលកើតឡើងដោយជាយថាហេតុ។

លោកវរសេនីយ៍ឯកបន្តថា ថ្មីៗនេះមន្ត្រីជំនាញក៏បានចុះផ្សព្វផ្សាយដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់តាមបណ្តោយទន្លេសេសាននិងទន្លេស្រែពកដែលជាតំបន់ងាយរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមក ត្រូវទុកដាក់សំភារៈដែលងាយស្រួលលើកទុកអោយខ្ពស់ផុតពីទឹកហើយរកទីទួលសុវត្ថិភាព ទុកដាក់សម្ភារដែលមានសភាពធ្ងន់ៗដូចជា ម៉ូតូឡាន គោយន្ត និងសត្វពាហនៈជាដើមហើយត្រូវត្រៀមទូកទុកសម្រាប់ចំលងទៅរកទីទួលសុវត្ថិភាព។លើសពីនោះក៏មានមន្ត្រីជំនាញចាំវាស់កម្រិតកំពស់ទឹកផងដែរដើម្បីផ្ដល់ព័ត៌មានពីស្ថានភាពកម្រិតទឹកគួរប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋ។

លោកបន្តថា ការចុះផ្សព្វផ្សាយផ្ដល់ព័ត៌មានទាក់ទងនឹងគ្រោះទឹកជំនន់ជូនដល់ប្រជាពលរដ្ឋនេះគឺជាការរំលឹកដល់ប្រជាពលរដ្ឋកុំអោយភ្លេចខ្លួនពីគ្រោះធម្មជាតិដែលប្រជាពលរដ្ឋតែងតែងជួបប្រទះកន្លងមកនេះ ក្នុងន័យធ្វើយ៉ាងណាការពារកុំឲ្យបាត់បង់នូវទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ពួកគាត់។លោកបន្ថែមថា « ជាពិសេសតាមបណ្ដោយទន្លេដែលធ្លាប់តែជន់លិចកន្លងមកគឺនៅរដូវវស្សាចូលមកឲ្យគាត់ចេះផលិតនូវសម្ភារណាដែលអាចងាយស្រួលយកចេញឱ្យគាត់លើកដាក់ខ្ពស់ទៅលើដំបូលឬកន្លែងសុវត្ថិភាពរបស់ពួកគាត់ហើយហ្នឹងឱ្យប៉ុស្តិ៍នៅពេលដែលទឹកឡើងបន្តិចម្ដងបន្តិចម្ដងឲ្យប៉ុស្តិ៍នគរបាលមន្រ្តីជំនាញ ឬក៏ប្រជាជនល្អឲ្យគាត់ជួយឃ្លាំមើលទឹកនិងធ្វើការវាស់ទឹកនៅពេលភ្លៀងននៅរយៈកំណើន ទឹកមួយយប់បានកំពស់ប៉ុន្មានមួយយប់កំពស់បានប៉ុន្មានដើម្បីយើងព្យាករណ៍គិតគ្រោងទុកជាមុនដើម្បីយើងត្រៀមសម្ភារមធ្យោបាយនិងកំលាំងសរុបទៅជួយសង្គ្រោះពួកគាត់ជាបន្ទាន់»

សូមជម្រាបថា ស្រុកកូនមុំកាលពីឆ្នាំ២០១៩កន្លងទៅ ទឹកជំនន់លិច ៣ឃុំស្មើនឹង ៦ភូមិ ប៉ះពាល់ប្រជាពលរដ្ឋ ៦៩៦គ្រួសារ ស្មើនឹងមនុស្ស២៤៣៥នាក់ ស្រែ ១១៦៦ហិកតា សណ្តែកសៀង ៧៩ហិកតាស្វាយចន្ទី ៦៤ហិកតា ពោត ២ហិកតា និងដំណាំរួមផ្សំ ២ហិកតា។ដោយឡែកអាជ្ញាធរមូលដ្ឋាន បានរៀបចំទីទួលសុវត្ថិភាព និងធ្វើការជម្លៀសប្រជាពលរដ្ឋ ព្រមទាំង សត្វពាហនៈបានដោយជោគជ័យ៕ដោយ៖សហការី


ចែករំលែក៖