ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ ទាមទារពន្យារពេលបោះឆ្នោតនៅអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នៅថ្ងៃទី​៣០​ ខែកក្កដា​ ​បានអំពាវនាវឲ្យពន្យារពេល​បោះឆ្នោត អាមេរិក ដែលត្រូវធ្វើឡើងនៅដើម​ ខែវិច្ឆិកា ឆ្នាំ​២០២០ ។
លោកត្រាំបានលើកយកមូលហេតុថា ការបោះឆ្នោតនិងមានការបន្លំប្រសិនបើបោះឆ្នោតផ្ញើ​តាមប្រៃសណីយ៍ ។ ​ លោកត្រាំ ស្នើឲ្យ ពន្យារពេលបោះឆ្នោតឆ្នាំ​២០២០ រហូតដល់ពលរដ្ឋអាចទៅបោះឆ្នោត ដោយមានសុវត្ថិភាព និងសន្តិសុខ។
លោកត្រាំបង្ហាញក្តីបារម្ភថា ការបោះឆ្នោតតាមរូបភាពផ្ញើសំបុត្រតាមប្រៃសណីយ៍ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ នេះ និងក្លាយជាការបោះឆ្នោត មិនមានតម្លាភាព ​និងការកេងបន្លំទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក​។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា សំណើររបស់លោកត្រាំ បានបង្កឲ្យមានវិវាទយ៉ាងខ្លាំង ដោយសារតែការបោះឆ្នោតអាមេរិក បានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ។

តាមសារព័ត៌មាន CNN រដ្ឋាភិបាលអាមេរិក និងបុគ្គលប្រធានាធិបតី គ្មានសិទ្ធក្នុងការពន្យារពេលបោះឆ្នោតនោះឡើយ។ តាមច្បាប់រដ្ឋធម្មនុញ្ញ មានតែរដ្ឋសភា ទើបមានសិទ្ធគ្រប់គ្រាន់ក្នុងការពន្យារពេលបោះឆ្នោត​។
ក្រុមអ្នកប្រឆាំងប្រធានាធិបតី​ដូណាល់ ត្រាំ​បានលើកឡើងថា សកម្មភាពខាងលើ របស់លោកត្រាំ គឺដោយសារតែ លោកចង់អូសបន្លាយពេលវេលា ​ដើម្បីស្វែងរកគន្លឹះ យកឈ្នះ​បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ ។ ការស្ទង់មតិ នាពេលកន្លងមក លោក ត្រាំ​ បាត់បង់ការគាំទ្រយ៉ាងខ្លាំងពីមហាជន៕

ដោយ៖ធី រីណា


ចែករំលែក៖