ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឡើងវាស់វែងសំយាបផ្ទះជាមួយកូនជាងស្រាប់តែខ្យល់គរស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់បានបាត់បង់ជីវិតខណៈកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកពេលមានអាការខ្យល់គរបន្ទាប់ពីធ្វើការវាស់វែងដំបូលសំយាបអាលុយមីញ៉ូមជាមួយនឹងកូនជាងអស់កម្លាំងខ្លាំងរួចមក។

ហេតុការណ៍អកុសលនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល១៨៖២០នាទីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០នៅចំណុចផ្សារឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលកើតជំងឺខ្យល់គរស្លាប់នោះ ឈ្មោះ ឡឹង គឹមលាង ភេទប្រុស អាយ៤១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភពបន្តថា ជនរងគ្រោះកំពុងតែនៅលើដំបូលធ្វើការវាស់វែងសំយាបផ្ទះឱ្យគេនៅចំណុចផ្សារឆ្លូងនោះស្រាប់តែខ្យល់គរបាត់មាត់បាត់កសន្លប់ឈឹងតែម្តងហើយកូនជាងដែលនៅធ្វើការជាមួយគ្នាក៏បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកឆ្លូងភ្លាមៗដែរ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថាគាត់បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំឆ្លូងបានចុះទៅដល់កន្លែងកើតហេតុពិនិត្យធ្វើកោសល្យវិច័យសាកសព និងសួរនាំកូនជាងដែលនៅធ្វើការជាមួយជនរងគ្រោះហើយក៏បានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន។

ពេលធ្វើការពិនិត្យរួចរាល់សព្វគ្រប់រួចមកសមត្ថកិច្ចក៏បានប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  ដោយ៖ ជីវ័ន្ត


ចែករំលែក៖