ខេត្តពោធិ៍សាត់ ៖ តាមសេចក្ដីរាយការណ៍ពីក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ថា ពិតជាសង្វេគ.រន្ធត់ខ្លាំងណាស់គ្រាដែលបងប្អូនកូនក្មួយរបស់ពួកគាត់ បានស្លាប់យ៉ាងអាណោចអាធម័បន្ទាប់ពីសន្លប់បាត់បង់ស្មារតីអស់ចំនួន ១០ថ្ងៃកន្លងមកនេះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រុឺម៉ក គ្រាដែលគេចពីគំនរអាចម៍ដី(គ្រួសក្រហម)ដែលជនបង្កចាក់លើផ្លូវមិនដាក់សញ្ញាចរាចរណ៍ ករណីនេះពួកគាត់ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ មានវិធានការស្រាវជ្រាវឡើងវិញឲ្យខានតែបាន ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនជនរងគ្រោះ ។
សេចក្ដីរាយការណ៍ខាងលើបន្តថា ជនរងគ្រោះឈ្មោះ មឿន ទ្រី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសតូចៗចំនួន ២នាក់ក្នុងបន្ទុកគ្រួសារ ដែលបច្ចុប្បន្ននេះ រស់នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ជនរងគ្រោះ(មឿន ទ្រី)បានស្លាប់បាត់បង់ជីវិត នៅពាក់កណ្ដាលអធ្រាត្រថ្ងៃព្រហស្បត្តិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅលើរថយន្តសាមុយ(កាល់ម៉ែត)គ្រាដែលបញ្ជូនត្រឡប់ចេញពីមន្ទីរពេទ្យ.រាជធានីភ្នំពេញ នៅសល់តែប៉ុន្មានម៉ែត្រទៀតប៉ុណ្ណោះនឹងដល់ផ្ទះ ដូច្នេះ ៖ ពួកគាត់ទទូចស្នើសុំឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មានវិធានការស្រាវជ្រាវឡើងវិញដើម្បីអនុវត្តច្បាប់ ផ្ដល់ភាពយុត្តិធម៌ជូនជនរងគ្រោះ លើជនចាក់អាចម៍អាណាធិបតេយ្យបង្កគ្រោះថ្នាក់នេះផង ម្យ៉ាងក៏អាចនឹងគ្រោះថ្នាក់បន្តពលរដ្ឋផ្សេងៗទៀតផងដែរ ខណៈគំនរអាចម៍ដីបង្កគ្រោះថ្នាក់នេះ កាលពីប៉ុន្មានមុនគេឃើញឈ្មួញដឹកលក់បែកកង់រថយន្តក៏ចាក់ចោលតែម្ដង ។
គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សរងរបួសយ៉ាធ្ងន់ធ្ងរ ហើយបានស្លាប់ប៉ុន្មានថ្ងៃបន្ទាប់ខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះមកម្លេះ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
នៅគ្រាដែលជនរងគ្រោះត្រឡប់មកពីដឹកសត្វពាហនៈ(គោ)ឲ្យគេ លុះមកដល់កន្លែងកើតហេតុបានវាក់ជាមួយគំនរអាចម៍ដី(គ្រួសក្រហម)ដែលជនមិនស្គាល់អត្តសញ្ញាណចាក់ចោលនៅទីនោះ ធ្វើឲ្យហោះកង់រុឺម៉កខាងស្ដាំរេទៅខាងឆ្វេង បោកជាមួយដើមឈើ(កាស្យា)របួសបាក់ភ្លៅ និងត្រគៀកខាងស្ដាំ(ធ្ងន់) ត្រូវបានរថយន្តសង្រ្គោះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត រួចក្រុមគ្រួសារសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង និងបន្តទៅ មន្ទីរពេទ្ត កាល់ម៉ែតទៀត ៕ដោយ៖បុឹម ពិន