អន្តរជាតិ៖ ក្រោយតុលាការចេញសាលក្រមកាត់ទោសឲ្យអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្ស៉ាក់ ជាប់គុក១២ឆ្នាំ បន្ទាប់ពីរកឃើញថា មានកំហុសក្នុងសំណុំរឿងពុករលួយពាក់ព័ន្ធមូលនិធិអភិវឌ្ឍ1MDB ។ លោក ណាជីប បកស្រាយពីភាពស្អាតស្អំរបស់លោកថាភាគច្រើននៃលុយដែលលោកត្រូវបានចោទប្រកាន់ថាកិបកេងនោះ គឺចាយលើសកម្មភាពសុខុមាលភាពប្រជាជន និងផ្គត់ផ្គង់ក្មេងកំព្រា។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្ស៉ាក់ បង្ហោះវីដេអូនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី ៣ ខែសីហាកន្លងទៅនេះថា៩៩ភាគរយនៃលុយដែលលោកត្រូវបានចោទប្រកាន់ថា កឹបកេងពីមូលនិធិរដ្ឋ 1MDB គឺត្រូវបានចំណាយលើសកម្មភាពនៃការទទួលខុសត្រូវទៅលើសង្គម (Corporate Social Responsibility) ។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បន្តថា «វាពុំមែនសម្រាប់ការចំណាយផ្ទាល់ខ្លួន ឬសម្រាប់ក្តីសុខផ្ទាល់ខ្លួនខ្ញុំឡើយ។ ដូចខ្ញុំធ្លាប់និយាយពីពេលមុនតុលាការ ផ្ទៀតផ្ទាត់ថា លុយពុំត្រូវបានប្រើសម្រាប់គោលដៅផ្ទាល់ខ្លួនឡើយ»។ លោក ណាជីប សរសេរបែបនេះ ដោយបន្ថែមថា ការធ្វើវិភាគទានលុយ៩៤ ៨៥៦ ដុល្លាររបស់លោកទៅឲ្យមណ្ឌលកុមារកំព្រាក្រោមឈ្មោះលោកក្នុងក្រុង Pekan គឺដើម្បីមើលថែទាំក្មេងកំព្រា និងចំណាយលើការសិក្សារបស់ពួកគេ។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោកណាជីប សង្កត់ធ្ងន់ថា លោកបែរជាត្រូវដាក់ទោស ដោយសាររឿងមនុស្សធម៌បែបនេះទៅវិញ។ អតីតនាយករដ្ឋមន្ត្រីរូបនេះ បន្តថា លោកក៏រងពិន័យព្រោះលោកបានបរិច្ចាគលុយទៅបក្សអង្គការជាតិម៉ាឡេរួបរួមក្នុងរដ្ឋ Johor, Penang និង Kedah សម្រាប់កម្មវិធីសុខុមាលភាពពួកគេផងដែរ។
លោក ណាជីប បញ្ជាក់តាមរយៈវីដេអូដដែលទៀតថា មានឧទាហរណ៍ច្រើនដែលលោកបានចាយលុយទាំងនោះសម្រាប់បក្ស និងប្រជាជនដោយពុំមែនសម្រាប់ខ្លួនលោកឡើយ។ លោកថា លោក ទទួលការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងចំណោមថ្នាក់មូលដ្ឋានពីទង្វើសប្បុរសទាំងនេះ។ ទាក់ទិននឹងសាលក្រមតុលាការ លោកប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌។
សូមជម្រាបថា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ លោក ណាជីប រ៉ាហ្ស៉ាក់ ត្រូវបានកាត់ទោសឲ្យជាប់គុក១២ឆ្នាំ ហើយពិន័យជាប្រាក់ ជិត៥០លានដុល្លារ ក្រោយតុលាការរកឃើញថាលោកមានទោសក្នុងសំណុំរឿងពុករលួយលុយរាប់រយលានដុល្លារពាក់ព័ន្ធនឹងមូលនិធិអភិវឌ្ឍ1MDB ។ បទចោទគឺរួមមាន ការរំលោភអំណាច ការលាងលុយកខ្វក់ និងបរាជ័យក្នុងការអនុវត្តកាតព្វកិច្ចក្នុងអាណត្តិជានាយករដ្ឋមន្ត្រី។
បទល្មើសប្រឆាំងលោក ណាជីប គឺផ្ដោតលើការផ្ទេរលុយប្រមាណ ៩,៨លានដុល្លារ ពីក្រុមហ៊ុន SRC International ដែលជាអតីតស្ថាប័នមួយរបស់មូលនិធិរដ្ឋ 1MDB ចូលទៅគណនីធនាគារផ្ទាល់ខ្លួនលោកក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥។ លោកណាជីប កាន់អំណាចពីឆ្នាំ២០០៩ដល់ ឆ្នាំ២០១៨។
តាមការចុះផ្សាយទូរទស្សន៍សិង្ហបុរីដដែល បានបញ្ជាក់ថា ក្រោយមានការបន្ធូរបន្ថយ លោក ណាជីប ទទួលបានការផ្អាកទោសបណ្ដោះអាសន្ន ដោយរង់ចាំការប្ដឹងឧទ្ធរណ៍។ ហើយលោកបានដាក់ពាក្យបណ្ដឹងតវ៉ាទៅកាន់តុលាការជាន់ខ្ពស់ ខណៈលោក Shafee Abdullah ដែលជាទីប្រឹក្សាលោក ណាជីប សង្ឃឹមថា ដំណើរការប្ដឹងតវ៉ា នឹងរៀបចំឡើងក្នុងចន្លោះពេល៣ខែខាងមុខ ហើយបើបរាជ័យលោកនឹងលើកករណីនេះទៅកាន់តុលាការសហព័ន្ធដែលជាជម្រើសចុងក្រោយ៕ដោយ៖ស តារា