ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី បានជួយឧបត្ថម្ភអង្គភាពទ័ពចំនួន៣ ក្នុងនោះ កងឯកភាព កងកិត្តិយស ត្រែទ័ព ចំណុះទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការនូវរថយន្តPick-Up ១គ្រឿង កងពលតូចថ្មើរជើងលេខ៥៣ ទទួលបានជាសម្ភារគ្រឿងសំណង់ និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ក៏ទទួលបានសម្ភារបរិក្ខាការិយាល័យមួយចំនួនផងដែរ។
អំណោយទាំងនេះត្រូវបានធ្វើពិធីប្រគល់-ទទួល កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០កន្លងទៅ ។
មេបញ្ជាការកងឯកភាព កងកិត្តិយសត្រែទ័ព ឧត្តមសេនីយ៍ទោ សុខ គន្ធា បានឱ្យដឹងថា អង្គភាពបានទទួលរថយន្តPick-Up ចំនួន០១គឿង ម៉ា(NISSAN FRONTIER)។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានផ្តល់រថយន្តថ្មីមួយគ្រឿងនេះ ដើម្បីជាមធ្យោបាយសម្រាប់ដឹកនាំក្បួនរថយន្តកងកិត្តិយសត្រែទ័ពរាល់ពេលចុះបំពេញបេសកម្មនៅតាមបណ្តាគោលដៅ ពិធីផ្លូវការនានាទូទាំងប្រទេស។ លោកបន្តថា នេះជាការគិតគូរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកហ៊ុន ម៉ាណែត និងលោកស្រិចំពោះកិច្ចការងាររបស់កងទ័ព ដល់គ្រប់បណ្តាអង្គភាពមិនថា កំរិតណានោះឡើយ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជន ។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃដដែលនោះដែរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីក៏បានឧបត្ថម្ភ ដល់អង្គភាពកងពលតូចថ្មើរជើងលេខ៥៣ក្នុងការកងសាងសំណង់អគាររបស់អង្គភាព។សម្ភារដែលទទួលបានស័ង្កសី១.០០០សន្លឹក ស៊ីម៉ងត៍ ៣០តោន និងដែកសរសៃ៥តោន ។ ចំពោះតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ក៏ទទួលបានម៉ាស៊ីនកុំព្យូទ័រ០២គ្រឿង ម៉ាស៊ីនព្រីនធ័រ០២គ្រឿង ម៉ាស៊ីនថតចម្លង០១គ្រឿងសម្រាប់ ប្រើប្រាស់ បម្រើឱ្យការងាររដ្ឋបាល នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ផងដែរ ។
គួររំលឹកថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើនគាំទ្រដល់កិច្ចការងារពារជាតិ និងការពារបូរណភាពទឹកដី ការគិតគូរពីប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក បានធ្វើឱ្យយោធិនគ្រប់បណ្តាអង្គភាព កាន់តែមានភាពកក់ក្តៅ និង អង់អាចក្លាហាន ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ប្រកបដោយ ឆន្ទៈមោះមុតក្នុងការរក្សាសុខសន្តិភាព និងតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ៕
ដោយ៖សូរិយា