ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកបានដកអត្ថបទលោករបស់លោកត្រាំ​ ដែលបង្ហោះព័ត៌មានខុសការណ៍ពិតស្តីពីកូវីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ គណៈគ្រប់គ្រងបណ្តាញសង្គម ​Facebook កាលពីថ្ងៃទី​៥ខែសីហា បានប្រកាសថា​ បានលុបអត្ថបទដែលបានបង្ហោះលើបណ្តាញសង្គម​ផ្ទាល់ខ្លួនរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដោយសារតែអត្ថបទនោះនិយាយខុសពីការណ៍ពិត​ស្តីពីកូវីដ​-១៩​។
ការចុះផ្សាយរបស់លោកត្រាំ​ គឺឃ្លីបវីដេអូ​ឆ្លើយតបបទសម្ភាសន៍របស់បណ្តាញព័ត៌មានFox News កាលពីថ្ងៃទី​៥ខែសីហា ។ អ្នកនាំពាក្យក្រុមហ៊ុន Facebook លោក Andy Stone បានប្រកាសឲ្យដឹងថា«វីដេអូ​ដែលលោកត្រាំបង្ហោះ​ខុសតួលេខស្តីពីអ្នកឆ្លងកូវីដ​-១៩ ទាំងនោះគឺផ្ទុយជាមួយគោលការណ៍របស់ក្រុមហ៊ុន ហ្វេសប៊ុកពាក់ព័ន្ធកូវីដ​-១៩​។
លោកស្រី Courtney Parella អ្នកនាំពាក្យ​យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំបានបញ្ជាក់ថា សកម្មភាពរបស់ក្រុមហ៊ុនហ្វេសប៊ុក មានសកម្មភាពលម្អៀង​ ដើម្បីប្រឆាំងប្រធានាធិបតី​។​ជាមួយគ្នានោះលោកស្រី Courtney Parella បានបញ្ជាក់ថា បណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ​​មិនមែនជាអាជ្ញាកណ្តាលកាត់ក្តីនោះឡើយ។
ក្រុមហ៊ុន ហ្វេសប៊ុក បានប្រកាសឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលបណ្តាញសង្គម បានដកអត្ថបទរបស់លោកត្រាំ ប៉ុន្តែសម្រាប់ហ្វេសប៊ុក​​នេះជាលើកទីមួយ​ដែលបានដកការផ្សាយរបស់លោកត្រាំពាក់ព័ន្ធកូវីដ​-១៩​។
កន្លងមក អគ្គនាយកក្រុមហ៊ុនហ្វេសប៊ុក លោកMark Zuckerberg បានទទួលរងការរិះគន់យ៉ាងខ្លាំងពី​បុគ្គលិករបស់ខ្លួន​ ដែលមិនមានសកម្មភាពប្រឆាំងនឹងលោកត្រាំពាក់ព័ន្ធអត្ថបទ ស្តីពីបាតុកម្មរើសអើងជាតិសាសន៍នាពេលកន្លងមក​៕ធី រីណា


ចែករំលែក៖