អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសនៅថ្ងៃទី៥ ខែសីហាថា អាមេរិកនឹងពង្រីកកម្មវិធី «បណ្ដាញស្អាត» ដែលជាគម្រោងមួយផ្ដោតលើការរឹតត្បិតកម្មវិធីរបស់ចិន ក្នុងបណ្ដាញប្រើប្រាស់អនឡាញនៅអាមេរិក តាមរយៈការផាត់ចេញកម្មវិធីទូរស័ព្ទផលិតនៅចិន និងប្រព័ន្ធផ្ទុកទិន្នន័យអនឡាញផងដែរ។ ហើយមិនត្រឹមបណ្ដាញសង្គមរបស់ចិនឡើយ សូម្បីតែកម្មវិធី (App) របស់ចិនដទៃ ក៏នឹងស្ថិតក្រោមការរឹតត្បិតរបស់អាមេរិកដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានសង្កត់ថា អាមេរិកចង់លុបចោលកម្មវិធីរបស់ចិនទាំងអស់ដែលមិនអាចទុកចិត្តបានពី Store របស់ក្រុមហ៊ុនផ្ដល់សេវាកម្មទូសព្ទ និងក្រុមហ៊ុនផលិតទូរសព្ទ។ លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថាលោកបានចុចឈ្មោះកម្មវិធីចំៗមានដូចជា៖កម្មវិធីTikTok និង WeChat ដែលមានក្រុមហ៊ុនធំនៅទឹកដីចិន ហើយដែលលោកចាត់ទុកជាការគំរាមដល់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់អាមេរិក មិនត្រឹមតែជាឧបករណ៍របស់បក្សកុម្មុយនីស្តចិន។
បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកការទូតអាមេរិករូបនេះនិយាយច្បាស់ៗថា៖ «យើងមិនចង់ឲ្យក្រុមហ៊ុន (អាមេរិក) ចូលដៃចូលជើងក្នុងការបំពានសិទ្ធិមនុស្សរបស់ក្រុមហ៊ុន Huawei ឬស្ថាប័នស៊ើបការណ៍របស់បក្សកុម្មុយនីស្តចិនឡើយ។»លោក ម៉ៃ ប៉ុមប៉េអូ បន្តថា អាមេរិកក៏ចង់រារាំងកម្មវិធីរបស់អាមេរិកពីការដំឡើង ឬទុកឲ្យទាញយក (Download) សម្រាប់ទូរស័ព្ទចិន និងគ្រឿងបរិក្ខាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមាន Huawei ជាដើម។
សូមជម្រាបថា មិនចប់ត្រឹមនេះឡើយ លោក ប៉ុមប៉េអូ ដែលចិនអះអាងថាជាមន្ត្រីអាមេរិកមើលប៉េកាំងក្នុងគំនិតខ្មៅរហូតនោះ ក៏ថែមទាំងបង្ហើបថារដ្ឋាភិបាលក៏ត្រឹមកំហិតក្រុមហ៊ុនចិនមិនឲ្យប្រមូល រក្សាទុក និងដំណើរការព័ត៌មាននៅអាមេរិកទៀតផង។ មកដល់ត្រង់នេះ លោកក៏លើកឈ្មោះក្រុមហ៊ុន Alibaba Tencent និង Baidu ដែលផ្ដល់សេវាកម្មយ៉ាងច្រើននៅអាមេរិក។
គួរបញ្ជាក់ថា ការប្រកាសរបស់លោក ប៉ុមប៉េអូ ធ្វើឡើងពីរថ្ងៃក្រោយប្រធានាធិបតី ដូណាល់ ត្រាំ គំរាម TikTok ឲ្យឆាប់លក់ប្រតិបត្តិការរបស់ខ្លួននៅអាមេរិក បើចង់បន្តការរកស៊ីទៀត។ ByteDance ដែលជាម្ចាស់ TikTok មានពេលត្រឹមថ្ងៃទី១៥ ខែកញ្ញា ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងទិញលក់ជាមួយក្រុមហ៊ុនអាមេរិក។ Microsoft ជាក្រុមហ៊ុនដែលចាប់អារម្មណ៍ការទិញ TikTok នៅអាមេរិក៕ដោយ៖ស តារា