ព័ត៌មានទាន់ហេតុការណ៍៖

ព្រេងខ្មែរ÷រឿង ខ្លា​ស៊ី​កូន​តា​ពស់​ព្រៃ

ចែករំលែក៖

ក្នុង​កាល​កន្លង​យូរ​អង្វែង​ទៅ​ហើយ មាន​បុរស​ម្នាក់​ជា​ចាស់​ព្រឹទ្ធាចារ្យ​ឈ្មោះ​តា​ពស់​ព្រៃ គាត់​ជា​មនុស្ស​ទី​ទ័ល​ក្រ បាន​មក​តាំង​ទី​លំនៅ ធ្វើ​ស្រែ​ចម្ការ នៅ​ក្បែរ​ជើង​ភ្នំ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ ។ លុះ​នៅ​យូរ​ៗ ទៅ​បាន​កូន​ប្រុស​ម្នាក់ គាត់​ចិញ្ចឹម​បី​បាច់​តាំង​ពី​តូច​រហូត​ដល់​បាន​អាយុ ១​ឆ្នាំ បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដរាប​រៀង​មក ឥត​ដែល​មាន​មោះ​ហ្មង​អ្វី​ឡើយ ។ ថ្ងៃ​មួយ តា​ពស់​ព្រៃ​និង​ប្រពន្ធ កាល​បើ​បញ្ចុក​អាហារ​ឲ្យ​កូន​បរិភោគ​រួច​ក៏​ផ្ដេក​កូន​នោះ​នៅ​ក្នុង​រោង​ជា​លំនៅ​របស់​គាត់ ដូច​កាល​សព្វ​ដង​រៀង​មក មិន​បាន​គិត​ក្រែង​មាន​គ្រោះ​ថ្នាក់​ដល់​កូន​សោះ​ទេ ហើយ​យក​ដង​រែក​សង្រែក និង​កណ្ដៀវ​ចេញ​ទៅ​តាំង​ពី​ព្រលឹម​រហូត​ដល់​ថ្ងៃ​ត្រង់ ចោល​កូន​ឲ្យ​ដេក​នៅ​ក្នុង​រោង​តែ​ម្នាក់​ឯង ។ ក្រោយ​ពី​តា​និង​យាយ​ចេញ​ផុត​ទៅ មាន​ខ្លា​ធំ ១ ដែល​ឋិត​នៅ​ក្នុង​ព្រៃ​ជិត​នោះ លប​ចូល​ទៅ​ក្នុង​រោង ឃើញ​ទារក​ដេក​តែ​ម្នាក់​ឯង ក៏​ពាំ​យក​ទារក​នោះ​ទៅ​ស៊ី​ជា​អាហារ ។ កុមារ​នោះ ពុំ​បាន​ស្រែក​យំ​មួយ​ង៉ា​ណា​សោះ ដោយ​វា​នៅ​តូច​ដេក​ពុំ​ដឹង​ខ្លួន ។ ឯ​តា​ពស់​ព្រៃ​និង​យាយ​ជា​ភរិយា ខំ​ច្រូត​ស្រូវ​នៅ​ក្រោម​កម្ដៅ​ព្រះ​អាទិត្យ តាំង​ពី​ព្រឹក​ពុំ​ហ៊ាន​ឈប់​សម្រាក​សោះ ។ លុះ​ថ្ងៃ​ត្រង់ អត់​ទ្រាំ​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ទៅ​ទៀត​ពុំ​បាន ។ គាត់​ក៏​រៀប​កណ្ដាប់​ស្រូវ​ដាក់​ក្នុង​សង្រែក និង​ចង​ជា​ទ្រនូល ហើយ​តា​ពស់​ព្រៃ​លើក​អម្រែក​ដាក់​លើ​ស្មា ដើរ​តាម​ក្រោយ​យាយ ទូល​កណ្ដាប់​ស្រូវ យាត្រា​រលះ​រលាំង​សំដៅ​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន ។ ទៅ​ដល់​លំនៅ​ហើយ ក៏​ដាក់​អម្រែក​និង​ទ្រនូល ក្រឡេក​មើល​ទៅ​ក្នុង​រោង​មិន​ឃើញ​កូន​របស់​ខ្លួន​ដែល​ផ្ដេក​នោះ គាត់​មាន​សេចក្ដី​តក់ស្លុត​ញាប់​ញ័រ​ក្នុង​ចិត្ត​ជា​ខ្លាំង ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​គយ​គន់​រំពៃ ក្បែរ​ៗ​កន្លែង​កូន​ដេក​នោះ ឃើញ​មាន​តែ​ដាន​ជើង​ខ្លា​មួយ​យ៉ាង​ធំ និង​ស្នាម​ឈាម​ស្រក់ តាំង​ពី​កន្លែង​កូន​ដេក រហូត​ដល់​ព្រៃ​លំ ។ តា​ពស់​ព្រៃ​និង​ភរិយា បាន​ដឹង​ច្បាស់​ថា ខ្លា​ពាំ​យក​កូន​ទៅ​ស៊ី​ជា​អាហារ ហើយ​ក៏​យំ​សោក​សង្រេង​សង្រៃ អាល័យ​អាណិត​អាសូរ​ដល់​កូន​តូច​ដែល​មិន​ដឹង​អ្វី តាំង​ពី​កណ្ដាល​ថ្ងៃ​ត្រង់ រហូត​ដល់​ពេល​យប់ ទើប​តា​ពស់​ព្រៃ​និង​ភរិយា ឈប់​សោយ​សោក ហើយ​ងាក​មក​ពិចារណា​ថា : បើ​យើង​គិត​តែ​យំ​សោក​អាឡោះអាល័យ បោក​ខ្លួន​ដូច្នេះ​ត​ទៅ​ទៀត ឃើញ​ថា ឥត​បាន​ប្រយោជន៍​អ្វី​បន្តិច​បន្តួច​សោះ ដូច្នេះ​គួរ​គប្បី​យើង​យំ​ស្រែក ហើយ​គិត​រក​មធ្យោបាយ​ដូច​ម្ដេច​នឹង​សម្លាប់​ខ្លា​នេះ​ឲ្យ​ខាង​តែ​បាន ។ លុះ​ព្រឹក​ឡើង ក៏​បាន​សម្រេច​​ចិត្ត​ថា ត្រូវ​តែ​តាម​រក​សម្លាប់​ខ្លា​ដែល​ស៊ី​កូន​ខ្លួន​នោះ ឲ្យ​ខាង​តែ​បាន ។ ចាប់​ដើម​ពី​នោះ​មក រាល់​ព្រឹក​ភរិយា​ក្រោក​ពី​ព្រលឹម រៀប​ចំ​ម្ហូប​អាហារ បាយ​សំណុំ​ទឹក​បំពង់ និង​បៀក​ស្លា​ដាក់​ក្នុង​សំពៀត​ជូន​ស្វាមី​រៀង​រាល់​ថ្ងៃ ដើម្បី​ដើរ​តាម​រក​សម្លាប់​ខ្លា​សាហាវ​ដែល​បាន​មក​បំផ្លាញ​ជីវិត​កូន​នោះ ។

រីឯ​តា​ពស់​ព្រៃ កាល​ប្រពន្ធ​រៀប​ចំ​បាយ​កញ្ចប់ ស្លា ដាក់​សំពៀត​រួច​ហើយ ក៏​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ ស្មា​ម្ខាង​ស្ពាយ​បាយ​និង​សំពៀត​ស្លា ស្មា​ម្ខាង​ទៀត លី​ពូថៅ ដើរ​យ៉ាង​អង់​អាច​ចូល​ទៅ​ក្នុង​ព្រៃ​ភ្នំ រុក​តត្រុក​រក​ខ្លា​តាំង​ពី​ជើង​ភ្នំ​រហូត​ដល់​កំពូល មើល​សព្វ​ជ្រោះ​ជ្រលង រូង​ថ្ម​តូច-ធំ ឆ្លង​ព្រៃ​កាត់​វាល ឆ្លង​វាល​ចូល​ព្រៃ រៀង​រាល់​ថ្ងៃ ។ គាត់​ដើរ​តាម​រក​ខ្លា​នោះ​តាំង​ពី​ខែ​ប្រាំង​រហូត​ដល់​ខែ​វស្សា មាន​ទឹក​ជំនន់​ជន់​លិច​ស្រែ​ចម្ការ​លិច​ព្រៃ​ព្រឹក្សា​លតាវល្លិ​រហូត​ដល់​ជើង​ភ្នំ បណ្ដាល​ឲ្យ​សត្វ​ទាំង​ឡាយ ដែល​អា​ស្រ័យ​នៅ​ក្នុង​ព្រៃ​នោះ​ទាំង​ប៉ុន្មាន ផ្អើល​រត់​ឡើង​ទៅ​ពឹង​ពាក់​អាស្រ័យ​នៅ​លើ​កំពូល​ភ្នំ​ទាំង​អស់ ដោយ​ខ្លាច​ក្រែង​ទឹក​ជន់​លង់​ស្លាប់ ។ ថ្ងៃ​មួយ​តា​ពស់​ព្រៃ ដើរ​ទៅ​ប្រទះ​នឹង​ខ្លា ដែល​ខាំ​កូន​របស់​គាត់​នោះ គាត់​ក៏​គិត​ថា​ពិត​ជា​ខ្លា​នេះ​ហើយ​ដែល​ចូល​ទៅ​ខាំ​កូន​អញ​ស៊ី ព្រោះ​ដាន​ជើង​ដែល​អញ​បាន​ឃើញ និង​ជើង​ខ្លា​នេះ​មាន​ទំហំ​ប៉ុន​គ្នា ហើយ​មិន​ឃើញ​មាន​ខ្លា​ដទៃ​ណា​ធំ​ដូច​ខ្លា​នេះ​ផង មាន​តែ​ខ្លា​នេះ​ហើយ ជា​មេ​ហ្វូង​ធំ​ជាង​គេ បាន​ជា​ហ៊ាន​ចូល​ទៅ​ខាំ​កូន​អញ​ស៊ី​ទាំង​ថ្ងៃ​ដូច្នេះ ។ តា​ពស់​ព្រៃ​គិត​ថា បើ​អញ​សម្លាប់​ខ្លា​នេះ​ដោយ​កម្លាំង​បាយ មុខ​ជា​មិន​ឈ្នះ​វា​ទេ គួរ​គប្បី​អញ​ប្រើ​គំនិត​និង​ប្រាជ្ញា ដើម្បី​សម្លាប់​ខ្លា​នេះ ទើប​បាន ។ គិត​ស្រេច​ទើប​តា​ពស់​ព្រៃ​បញ្ចេញ​វាចា​យ៉ាង​ខ្លាំង ៗ ដើម្បី​ឲ្យ​ឮ​ទៅ​ដល់​ខ្លា​ថា: “វល្លិ​ណា​តូច ៗ ចង​ឆ្នាំង​ចង​អំបែង វល្លិ​ណា​វែង ៗ ចង​កូន​ចង​ចៅ ចង​ញាតិ​សន្ដាន​ព្យួរ​លើ​ចុង​ឈើ ” ។ មាត់​តែ​ថា ភ្នែក​តែ​រំពៃ​មើល​លើ​មើល​ក្រោម មើល​ឆ្វេង-មើល​ស្ដាំ, ដៃ​ស្ដាំ​កាន់​ពូថៅ ដៃ​ឆ្វេង​ទាញ​វល្លិ ធ្វើ​ឫកពា ហាក់​ដូច​ជា​អ្នក​រក​វល្លិ​មែន ៗ លុះ​ទន្ទេញ​ផ្ទួន ៗ ឮ​ទៅ​ដល់​ខ្លា ។ ខ្លា​មាន​សេចក្ដី​សង្ស័យ​ក៏​សួរ​ទៅ​តា​ពស់​ព្រៃ​ថា: តា ៗ បោច​វល្លិ​យក​ទៅ​ចង​អី ? តា​ពស់​ព្រៃ​ប្រាប់​ទៅ​ខ្លា​វិញ​ថា: “ អញ​បោច​វល្លិ​យក​ទៅ ចង​ឆ្នាំ​ចង​អំបែង ចង​កូន​ចង​ចៅ ចង​ញាតិ​សន្ដាន​របស់​អញ ព្យួរ​លើ​ចុង​ឈើ ព្រោះ​នៅ​តែ ៧ ថ្ងៃ​ទៀត នឹង​មាន​ទឹក​ជំនន់​ជន់​លិច​ស្រែ​ចម្ការ លិច​ព្រៃ​ព្រឹក្សា លិច​ទាំង​បព្វតា ស្លាប់​មនុស្ស​នឹង​អា​ខ្លា​ឯង​នេះ​អស់​ហើយ ” ។ រីឯ​សត្វ​ខ្លា​ឮ​តា​ពស់​ព្រៃ ប្រាប់​ដូច្នោះ មាន​ចិត្ត​ភិត​ភ័យ​នឹង​សេចក្ដី​ស្លាប់​ពន់​ពេក ក៏​និយាយ​សុំ​ឲ្យ​តា​ចង ខ្លួន​ព្យួរ​ទៅ​លើ​ចុង​ឈើ​ផង ។ តា​ពស់​ព្រៃ​ប្រកែក​ថា “ អញ​មិន​រវល់​ចង​អា​ខ្លា​ឯង​ព្យួរ​លើ​ចុង​ឈើ​ទេ ទុក​ឲ្យ​អា​ខ្លា​ឯង​លង់​ទឹក​ស្លាប់​ទៅ​ចុះ បើ​អា​ខ្លា​ឯង​មិន​ជឿ​អញ​ទេ ឯង​ទៅ​ឡើង​លើ​ថ្ម​ដា​ណា​ដែល​ខ្ពស់​ជាង​គេ ហើយ​ក្រឡេក​មើល​ទៅ​ជុំវិញ​ភ្នំ គង់​នឹង​ឃើញ​ទឹក​ដែល​កំពុង​ជន់​ច្រើន​ឡើង​មិន​ខាន”។​ខ្លា​ឮ​តា​ពស់​ព្រៃ​ប្រាប់​ដូច្នោះ ក៏​ខំ​រត់​ទៅ​រក​ថ្ម​ដា​ដែល​ខ្ពស់​ជាង​គេ​លើ​កំពូល​ភ្នំ ហើយ​ឈរ​មើល​ទៅ​ជុំវិញ​ភ្នំ ឃើញ​ទឹក​ល្ហ​ល្ហាច ដូច​តា​ពស់​ព្រៃ​ប្រាប់​មែន ។ ខ្លា​ភ័យ​តក់​ស្លុត​ខ្លាំង​ណាស់ រត់​ចុះ​មក​រក​តា​ពស់​ព្រៃ​វិញ ហើយ​អង្វរ​តា​ហើយ​អង្វរ​ទៀត សុំ​ឲ្យ​តា​ចង​ព្យួរ​ខ្លួន​ទៅ​លើ​ចុង​ឈើ តា​ពស់​ព្រៃ​រឹត​តែ​បាន​ចិត្ត​ហើយ​ពោល​ថា: “ អញ​ព្រម​ចង​អា​ខ្លា​ឯង​ដែរ តែ​អញ​ចង​តែ​វល្លិ​ណា​តូច ៗ ឲ្យ​ដាច់​ធ្លាក់​អា​ខ្លា​ឯង​ក្នុង​ទឹក​ស្លាប់​ទៅ​ចុះ” ។ ខ្លា​រឹត​តែ​ភ័យ​តក់ស្លុត​ខ្លាំង​ទៅ​ទៀត អង្វរ​តា​ពស់​ព្រៃ​ទៀត មាត់​តែ​អង្វរ ជើង​ក៏​លើក​សំពះ ។ តា​ពស់​ព្រៃ​មើល​ល្មម​បាន​ការ​ហើយ ក៏​ប្រាប់​ខ្លា​ថា “ មិន​អី​ទេ ចាំ​អញ​រក​វល្លិ​យ៉ាង​ធំ​ចង​អា​ខ្លា​ឯង ” ។ ខ្លា​ឮ​ដូច្នោះ​មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត តា​ពស់​ព្រៃ​ក៏​បង្គាប់​ឲ្យ​ខ្លា​ដេក​ផ្ងារ ហើយ​យក​វល្លិ​យ៉ាង​ធំ​មក​ចង​ជើង​ទាំង ៤ ផ្អោប​គ្នា ហើយ​រ៉ក​ព្យួរ​ទៅ​នឹង​ចម្ពាម​ឈើ ដែល​មាន​កម្ពស់​ល្មម​យារ​ដំបង​វាយ​បាន ។ លុះ​តា​ពស់​ព្រៃ​ចង​ខ្លា​ព្យួរ​ស្រេច​ហើយ ក៏​ចេញ​ទៅ​រក​កាប់​ដំបង ១ យ៉ាង​ធំ ដើម្បី​យក​មក​សំពង​ខ្លា ដែល​ចង​ព្យួរ​នោះ ។ រីឯ​ខ្លា​កាល​បើ​បាន​ឃើញ​តា​ពស់​ព្រៃ​ទៅ​កាប់​ឈើ​ធ្វើ​ជា​ដំបង​ធំ​យ៉ាង​ដូច្នោះ ក៏​មាន​សេចក្ដី​សង្ស័យ ហើយ​សួរ​ទៅ​តា​ពស់​ព្រៃ​ថា: តា ៗ ! កាប់​ឈើ​មក​ធ្វើ​អី​ហ្នឹង ។ តា​ពស់​ព្រៃ​ប្រាប់​ទៅ​ខ្លា​វិញ​ថា: “អញ​កាប់​ឈើ យក​មក​ធ្វើ​ជា​ដង​រែក​រែក​វល្លិ​យក​ទៅ​ផ្ទះ” លុះ​តា​ពស់​ព្រៃ កាប់​ឈើ​ធ្វើ​ជា​ដំបង​រួច​ស្រេច ក៏​កាន់​ដើរ​ចូល​ទៅ​វាយ​សំពង​អា​ខ្លា តាំង​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ព្រលប់​បណ្ដាល​ឲ្យ​បាក់​ឆ្អឹង​ជំនីរ​ខ្លា ដូច​គេ​រួប​ទាំង​សង​ខាង ដៃ​ខំ​វាយ​សំពង មាត់​ក៏​ផ្ចាញ់​ផ្ចាល​ថា: “ ពះ​អា​ខ្លា ! អា​ឯង​ខាំ​កូន​អញ​ទៀត ” ។ ខ្លា​ខំ​ប្រឹង​បម្រះ រើ​យ៉ាង​ណា​ក៏​ពុំ​រួច វាយ​រួច​តា​ពស់​ព្រៃ រក​សំរាម​និង​ឈើ​ងាប់ យក​មក​គរ​ដុត​ពី​ខាង​ក្រោម បណ្ដាល​ឲ្យ​ឆេះ​រោម​ខ្លា និង​រលាក​ស្បែក​ដុំ ៗ ហើយ​ឆេះ​រហូត​ទៅ​ដល់​ខ្សែ ដែល​ចង​ព្យួរ​នោះ​ដាច់​ធ្លាក់​ខ្លា​មក​ដល់​ដី បម្រះ​រួច រត់​ចូល​ព្រៃ​បាត់​ទៅ ។ ចំណែក​តា​ពស់​ព្រៃ ក៏​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ បាន​និយាយ​រ៉ាយរ៉ាប់​ប្រាប់​ប្រពន្ធ​គាត់ អំពី​រឿង​ដែល​គាត់​បាន​វាយ​ខ្លា​នោះ សព្វ​គ្រប់​ហើយ ក៏​នៅ​ជា​សុខ​ជាមួយ​នឹង​ប្រពន្ធ​គាត់​រហូត​អស់​ជីវិត​រៀង​ខ្លួន ។

មក​ពី​មាន​រឿង​ដូច​បាន​សម្ដែង​មក​នេះ​ហើយ បាន​ជា​ខ្លា​សព្វ​ថ្ងៃ មាន​លក្ខណៈ​ប្លែក​ពី​សត្វ​ទាំង​ពួង ៣ យ៉ាង

១- ឆ្អឹង​ជំនីរ​ខ្លា​កាល​ណា​វា​សំឡប​ទៅ ឃើញ​រាង​បាក់​រួប​ចូល​គ្នា២- សត្វ​ខ្លា​សព្វ​ថ្ងៃ​នេះ​វា​បន់​ក្នុង ១ ថ្ងៃ ៧ ដង កុំ​ឲ្យ​ជួប​នឹង​មនុស្ស​យើង ព្រោះ​វា​ខ្លាច​មនុស្ស តាំង​ពី​តា​ពស់​ព្រៃ​ចង​វា​សំពង​មក ។៣- ខ្លា​មាន​សម្បុរ​វា​ក្រវេមក្រវាម មក​ពី​តា​ពស់​ព្រៃ​ដុត​ភ្លើង​ឆេះ​រោល​នោះ​ឯង ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖