អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា អាមេរិកអាចនឹងផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើងប្រសិនបើលោកមិនជាប់ឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦។ ទន្ទឹមនឹងនោះលោកត្រាំបានបញ្ជាក់ថានឹងមានកិច្ចព្រមព្រៀងទាំងជាមួយកូរ៉េខាងជើង និងអុីរ៉ង់ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតីក្នុងការបោះឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៧ ខែសីហា នៅទីក្រុង New Jersey លោកត្រាំបញ្ជាក់ថា«ប្រសិនបើយើងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខ យើងនឹងជំរុញឲ្យមានកិច្ចព្រមព្រៀងជាមួយអុីរ៉ង់និងកូរ៉េខាងជើង »។ លោកត្រាំបញ្ជាក់ទៀតថា លោកបានជួយសង្គ្រោះសង្គ្រាមកើតឡើងរវាងអាមេរិកនឹងកូរ៉េខាងជើង តាមរយៈការជាប់ឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៦។
លោកត្រាំបានបញ្ជាក់ថា លោកបានខិតខំកសាងទំនាក់ទំនងយ៉ាងល្អជាមួយទីក្រុងព្យុងយ៉ាង ដែលរដ្ឋាភិបាលមុនរបស់អាមេរិកមិនអាចធ្វើបានឡើយ។ លោកត្រាំបានក្លាយជាមេដឹកនាំអាមេរិក ដំបូងគេបង្អស់របស់អាមេរិក បានជួបពិភាក្សាជាមួយមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន នៅសិង្ហបុរី នាថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងជំនួបលើកទីមួយ ភាគីទាំងពីរបានព្រមព្រៀងឆ្ពោះទៅរកដំណោះស្រាយបញ្ចប់កម្មវិធីបរមាណូនៅឧបទ្វីបកូរ៉េ។ ចំណែកអាមេរិកវិញគឺត្រូវធានាដល់សន្តិសុខ អាមេរិក។
ក្រោយមកនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩ អាមេរិកបានជួបពិភាក្សាជាមួយ មេដឹកនាំកូរ៉េខាងជើង នៅទីក្រុងហាណូយប្រទេសវៀតណាម ប៉ុន្តែជំនួបពិភាក្សានោះមិនទទួលបានជោគជ័យដូចការរំពឹងទុកឡើយ។ ជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ និងសមភាគីកូរ៉េខាងជើងបានជួបស្វាគមន៍គ្នារយៈពេលខ្លី នៅព្រំដែន កូរ៉េទាំងពីរ នាថ្ងៃទី ៣០ខែមិថុនាឆ្នាំ ២០១៦៕
ដោយ៖ធី រីណា