ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនមេបនល្បីឈ្មោះម្នាក់ ទៅតុលាការពីបទល្បួងក្មេងស្រី លក់ព្រហ្មចារីឲ្យតាតា

ចែករំលែក៖

ខេត្តប៉ៃលិន៖សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន  បានកសាងសំណុំរឿងបញ្ជូនស្ត្រីមេបនជួញដូរផ្លូវភេទល្បីឈ្មោះម្នាក់ ទៅកាន់សាលាដំបូងខេត្តដើម្បីធ្វើការសាកសួរ និងចោទប្រកាន់ ទៅតាមផ្លូវច្បាប់ក្រោយរំដោះក្មេងស្រីរងគ្រោះ៥នាក់ចេញពីផ្ទះជួញដូរផ្លូវភេទ។

 មន្ត្រីនគរបាលខេត្តប៉ៃលិន បានប្រាប់ឲ្យដឹងថា ស្រ្តីមេបន ល្បីឈ្មោះម្នាក់ ដែលមានជំនាញ  ល្បួងក្មេងស្រី លក់ឲ្យតាតានិង អ្នកមានលុយត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយ ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិនឃាត់ខ្លួនបានកាលពីថ្ងៃទី៥ខែសីហារួចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីឃាត់ខ្លួនបាន នៅត្រង់ចំណុច ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពដដែល បានបញ្ជាក់ថា មេខ្យល់ល្បីឈ្មោះនោះឈ្មោះ ឡុង យ៉ា អាយុ២៨ឆ្នាំ មុខរបរ កោសជប់ ជ្រកកោនក្រោមស្លាក ផ្ទះសំណាក់ យីហោ ” LSC ” ឋិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ចំណែកនារីរងគ្រោះ ក្នុងបទល្មើសជួញដូរផ្លូវភេទនេះ មានចំនួន ៥ នាក់ ក្នុងនោះ ជនរងគ្រោះទី១-ឈ្មោះ ញ រ ន អាយុ១៦ឆ្នាំ,២- ឈ្មោះ ហ ស ថ អាយុ១៦ឆ្នាំ,៣- ឈ្មោះ ឃ រ ស អាយុ១៦ឆ្នាំ,៤-ឈ្មោះ ហ ស ដ អាយុ១៧ឆ្នាំ និង៥ឈ្មោះ អ ស ឡ អាយុ១៧ឆ្នាំ ទាំងអស់គ្នា រស់ នៅភូមិផ្សារព្រំ ក្រុងប៉ៃលិន ។

 ក្រោយពីសាកសួរ រួចនៅថ្ងៃទី៦ខែសីហាឆ្នាំ២០២០ សមត្ថកិច្ចនគរបាលជំនាញ បានបញ្ជូនមេបនទៅកាន់សាលាដំបូង ខេត្តប៉ៃលិន  ដើម្បីសាកសួរនិងចោទប្រកាន់តាមផ្លូវច្បាប់។ ឯស្រ្តីរងគ្រោះ៥នាក់ត្រូវបានអប់រំឲ្យវិលត្រឡប់ទៅលំនៅឋានវិញ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖