ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះថា ករណីអគ្គិភ័យដែលឆាបឆេះរោងចក្រ GCS កាលពីវេលាម៉ោង ២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហាដែលស្ថិតនៅតាមបណ្តោយផ្លូរវបេតុង ក្រុម៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ កម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តទៅធ្វើអន្តរាគមន៍ចំនួន២០គ្រឿង ដោយប្រេីប្រាស់ទឹកអស់១៤០ឡានស្មើនឹង ៥៦០ម៉ែត្រគូ។រថយន្តពន្លត់អគ្គិភ័យដែលជំនួយមកពីបណ្តាអង្គភាពនោះមាន៖
-រថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់៩ឡាន ស្មេីនឹង ៣៦ម៉ែត្រគូប។
-រថយន្ត (ង៧០) ចំនួន៥គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មេីនឹង៤០ម៉ែត្រគូប។
-រថយន្តកងរាជអាវុធហត្ថចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន២១ឡាន
ស្មេីនឹង ៨៤ម៉ែត្រគូប។
-រថយន្តទីក្រុងកោះពេជ្រចំនួន២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៦ឡានស្មេីនឹង ២៤ម៉ែត្រគូប។
-រថយន្តស្រាបៀរកម្ពុជាចំនួន១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន៥ឡាន ស្មេីនឹង ២៤ម៉ែត្រគូប។
ចំពោះការខូចខាតវិញគឺ ឆេះឃ្លាំងសាងសង់អំពីបេតុងប្រក់សង្ក័សី (ទំហំ ៣២ម៉ែត្រ x ៧០ម៉ែត្រ) អស់ចំនួន ១ឃ្លាំង, ឆេះរថយន្តដឹកទំនិញចំណុះ ៣.៥តោនចំនួន១គ្រឿង, រថយន្តដឹកទំនិញចំណុះ១.៥តោនចំនួន១គ្រឿង, ឆេះម៉ូតូកង់បីដឹកទំនិញចំនួន២គ្រឿង, ឆេះម៉ូតូចំនួន៤គ្រឿង, ឆេះគ្រឿងបរិក្ខារអគ្គិសនី-ម្នាងសិលា-ដែកគ្រោងជញ្ជាំងពិតាន សរុបជាទឹកប្រាក់អស់ប្រហែលចំនួន ១,២លានដុល្លារអាមេរិក ។
-ស្លាប់មនុស្ស គ្មាន
-របួសមនុស្ស គ្មាន
ម្ចាស់ទីតាំងឈ្មោះ យឹម រ៉ាដា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរនាយកក្រុមហ៊ុន។
មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះគឺបានបញ្ចប់នៅវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃដដែល៕ដោយ៖ ភារ៉ា ដង្កោ