ព័ត៌មានទាន់ហេតុការណ៍៖

សម្រាប់ថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃខាងមុខនេះ ភ្ញៀវទេសចរ បានកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារនៅខេត្តមណ្ឌលគិរី ជាង៨០%ហើយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឱ្យមន្រ្តីរាជការ កម្មករ និយោជិក បានឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីឡើងវិញមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនោះ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា សម្រាប់ថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃខាងមុខនេះ គិតត្រឹមថ្ងៃទី៨ ខែសីហាឆ្នាំ២០២០ ភ្ញៀវទេសចរ បានកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារនៅខេត្តមណ្ឌលគិរី ជាង៨០%ហើយ ។

លោក បានបញ្ជាក់ថា ចំពោះ អាជីវកម្មលើសេវាកម្មទេសចរណ៍ មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ក្នុងខេត្តមណ្ឌលគិរី បានត្រៀមរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរក្នុងអំឡុងពេលឈប់សម្រាក់សង់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោក ក៏បានណែនាំដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន និងប្រតិករទាំងអស់ ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ រលកទី២ ដោយធ្វើយ៉ាងណាឱ្យម្ចាស់សេវាកម្មទាំងអស់ ដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយសុវត្ថិភាព។ 

លោក ងិន សុវិមាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមឱ្យមានការចូលរួមអនុវត្តទាំងអស់គ្នា ក្នុងការលាងសម្អាតដៃរបស់ខ្លួនឱ្យបានស្អាតជានិច្ច តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍ ក្នុងនោះ សណ្ឋាគារ ១១កន្លែង ស្មើនឹង ៤២៨ បន្ទប់, ផ្ទះសំណាក់ ៤៦កន្លែង ស្មើនឹង ៦៧៩បន្ទប់, ម៉ូតែល ០១កន្លែង ស្មើនឹង ៣៩បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៤៨កន្លែង ស្មើនឹង ៤២៥តុ និង ២.១២៩កៅអី និងខារ៉ាអូខេ ០៩កន្លែង ស្នើនឹង ៤៥បន្ទប់។

ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ដោយឯកជនសរុបមានចំនួន ១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, ជ្រៃយស់, ចំការកាហ្វេ និងអូររមីស…៕ដោយ៖សូរិយា


ចែករំលែក៖