ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី និងចិនត្រៀមជំទាស់ ផែនការសហរដ្ឋអាមេរិក ដែលចង់បន្តដាក់ទណ្ឌកម្មលើប្រទេសអ៉ីរ៉ង់

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីទាត់ចោលផែនការរបស់សហរដ្ឋអាមេរិក ដែលចង់បន្តសុពលភាពនៃទណ្ឌកម្មអាវុធ ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិទៅលើប្រទេសអ៉ីរ៉ង់។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងកំណត់យកនៅសប្តាហ៍ក្រោយនេះ

បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃសោរ៍ ទី០៨ខែសីហា ឆ្នាំ២០២០នេះថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោកម៉ៃក៍ ប៉ុមប៉េអូ(Mike Pompeo) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រកាសថាសហរដ្ឋអាមេរិកនឹងដាក់ចេញនូវ ដំណោះស្រាយថ្មីដើម្បីប្រឆាំងនឹងអ៉ីរ៉ង់ទោះបីជាមានការជំទាស់ពីប្រទេសរុស្ស៊ី និងចិនក៏ដោយ។ សហរដ្ឋអាមេរិកបានព្រាងដំណោះស្រាយបន្តសុពលភាពនៃដាក់ទណ្ឌកម្មប្រឆាំងអ៉ីរ៉ង់រួចរាល់ហើយ។

បើទោះជាយ៉ាងណា ដំណោះស្រាយរបស់អាមេរិកខាងលើនេះ ចាំបាច់ត្រូវការការគាំទ្រ ពីសំណាក់ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន០៩ ក្នុងចំណោម ១៥ និងមិនមានការបោះឆ្នោតប្រឆាំង (VETO) ណាមួយពីសំណាក់ប្រទេស ជាសមាជិកអចិន្ត្រៃយ៍ទាំង ដូចជា៖ ចិនសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងរុស្ស៊ីនោះឡើយ។ ក្រៅពីចិន រុស្ស៊ីក៏បានបង្ហាញពីគោលជំហរបោះឆ្នោតវ៉េតូ ប្រឆាំងនឹងដំណោះស្រាយនេះរួចហើយដែរ។

សូមជម្រាបថា ទណ្ឌកម្មលើអ៉ីរ៉ង់នឹងអស់សុពលភាព នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០ខាងមុននេះ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់(JCPOA) ដែលត្រូវបានចុះហត្ថលេខាកាលពីខែកក្កដាឆ្នាំ ២០១៥ នៅក្នុងអាណត្តិលោក បារ៉ាក់ អូបាម៉ា ដែលប្រទេសអ៉ីរ៉ង់កាលណោះបានប្តេជ្ញាកាត់បន្ថយសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បីទទួលបាន ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច និងផលប្រយោជន៍ផ្សេងៗទៀត។

ប៉ុន្តែជាអកុសលប្រធាធិបតីអាមេរិកបច្ចុប្បន្ននេះ គឺលោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងខាងលើ ជាផ្លូវការកាលពីខែឧសភាឆ្នាំ២០១៨កន្លងទៅ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគី លើទីក្រុងតេហេរ៉ង់។ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មរបស់អាមេរិក អ៉ីរ៉ង់បានរំលោភកិច្ចព្រមព្រៀងជាច្រើនចំណុច។

បច្ចុប្បន្នសហភាពអឺរ៉ុបរួមជាមួយរុស្ស៊ី និងចិនបានសម្តែងពីការគាំទ្រ ចំពោះការដាក់ទណ្ឌកម្មអាវុធ ប៉ុន្តែអាទិភាពរបស់ពួកគេ គឺដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ (JCPOA) ចាប់តាំងពីអាមេរិកដកខ្លួនចេញអន្តរជាតិមិនទាន់មានយន្តការណាមួយ ដើម្បីជួយសង្គ្រោះJCPOA ឲ្យរស់ឡើងវិញនោះឡើយ៕ដោយ៖ស តារា


ចែករំលែក៖